ខេត្តកំពង់ធំ ៖ បុរសជាទណ្ឌិតជាប់ទោសពីបទរំលោភសេពសន្ថវៈម្នាក់ ត្រូវបានអនុរក្សពន្ធនាគារប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ឃុំឃាំង ក្នុងពន្ធនាគារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ឃុំខ្លួនលេខ៥ ក្នុងបរិវេណពន្ធនាគារខេត្តកំពង់ធំ។

សាកសពទណ្ឌិតខាងលើ មានឈ្មោះកែវ សារីម ភេទប្រុស ឆ្នាំកំណើត១៩៥៩ នៅភូមិប៉ាតឡាង ឃុំក្រាំលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លំនៅបច្ចុប្បន្ន ភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ទណ្ឌិតខាងលើ ជាប់ទោសពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០០៨ និងត្រូវបានឃុំខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីអនុរក្សពន្ធនាគារខេត្តកំពង់ធំ បានប្រទះឃើញទណ្ឌិតឈ្មោះកែវ សារីម ដេកស្តូកស្តឹងនៅក្នុងបន្ទប់ឃុំខ្លួន លុះមានការសង្ស័យក៏ស្រែកដាស់ ប៉ុន្តែទណ្ឌិតរូបនោះ មិនតបតសោះ ទើបនឹកឆ្ងល់ ក៏ចូលទៅមើល ទើបដឹងថា ទណ្ឌិតកែវ សារីម បានដេកស្លាប់រឹងស្តូកបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោពេញពន្ធនាគារ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញចុះមកពិនិត្យ។

ក្រោយបញ្ចប់ការពិនិត្យ គ្រូពេទ្យជំនាញ និងសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សពទណ្ឌិតខាងលើ បានស្លាប់ដោយសារគាំងបេះដូង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពទណ្ឌិតខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនលោកប្រធានពន្ធនាគារខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕



