ខេត្តកំពត ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែជីវភាពទីទ័លក្រខ្លាំងពេក ក៏ប្រឹងទាំងត្រដាបត្រដួស ឡើងទៅគាស់ថ្មភ្នំយកមកលក់ ស្រាប់តែអកុសល បានរអិលជើងធ្លាក់ពីលើភ្នំ បោកក្បាលនឹងដុំថ្ម បណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្នំដំរី មានទីតាំងស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទត្ទួខាងជើង ស្រុកកំពង់ត្រាច។

បុរសរងគ្រោះខាងលើ មានឈ្មោះសូត្រ សិត អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច។

លោកអធិការរង រត្ន័ សំអាង បានប្រាប់ថា លុះមកដល់វេលាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ ក៏បានឡើទៅគាស់ដុំថ្មភ្នំ ដើម្បីគាស់ និងវាយថ្មភ្នំយកមកទុកលក់ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត ដូចសព្វដង ស្រាប់តែមកដល់វេលាកើតហេតុខាងលើ ជនរងគ្រោះក៏បានរអិលជើង បណ្តាលឱ្យធ្លាក់មកពីលើភ្នំបោកក្បាលជាមួយនឹងដុំថ្មធំមួយ ធ្វើឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអធ័មតែម្តង និងត្រូវបានក្រុមគ្រួសារដឹកសពយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីនេះ អាជ្ញាធរមូលដ្ឋាន បានអះអាងថា កន្លងមក អាជ្ញាធរបានដាក់បម្រាបហាមដល់ពួកអ្នកស្រុកមិនឱ្យឡើងទៅដាក់រំសេវ បំផ្ទុះបំបែកផ្ទាំងថ្មទេ ដោយខ្លាចមានគ្រោះថ្នាក់។ តែយ៉ាងណា គេបានដឹងថា គ្រាន់តែនៅជិតភ្នំរមណីដ្ឋានទេសចរណ៍កំពង់ត្រាច មានការដ្ឋានម៉ាស៊ីនកិនថ្មខ្នាតមធ្យម ចំនួន៦កន្លែងផ្សេងៗគ្នា ហើយអ្នកស្រុកនាំគ្នាឡើងទៅវាយថ្មនោះ ក៏យកមកលក់អោយអ្នកធ្វើអាជីវកម្មកិនថ្មនោះដែរ។

ដោយឡែក អ្នកស្រុកខ្លះបាននិយាយបែបជំនឿអរូបីថា មូលហេតុដែលជនរងគ្រោះធ្លាក់ស្លាប់នេះ អាចមកពីចខុសមាត់ខុសក ធ្វើឱ្យអ្នកតាខឹងសម្បាក៏រុញទម្លាក់ ហើយ ព្រោះនៅតាមភ្នំដំរីនេះ ប្រជាពលរដ្ឋតែងតែធ្វើការបុណ្យស្រន់ពុំដែលខាននោះទេ ជារៀងរាល់ឆ្នាំ៕
