ភ្នំពេញ ៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល មួយរូប មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិតនៅក្នុងបន្ទប់ជួលរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង4 និង40នាទីរសៀល ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2019 នៅចំណុចបន្ទប់លេខ 183A ផ្លូវ31 ភូមិសន្សំកុសល2 សង្កាត់បឹងជំពុនទី1 ខណ្ឌមានជ័យ។

បុរសគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះសុន វណ្ណៈ អាយុ39ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានតួនាទីជានាយការិយាល័យកងរាជអាវុធហត្ថខេត្តកណ្តាល ស្នាក់នៅ បន្ទប់កើតហេតុខាងលើ។

ក្រោយពេលដែលជនរងគ្រោះនាយការិយាល័យកងរាជអាវុធហត្ថខេត្តកណ្តាល ចងកសម្លាប់ខ្លួនបាត់ ឪពុកជនរងគ្រោះបានចូលទៅឃើញ បានស្រែកឆោឡោ ផ្អើលអ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន ដោយប្រើខ្សែភ្លើងចងកជាប់នឹងចម្រឹងបង្អួច បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

