ខេត្តស្វាយរៀង ៖ ករណីអ្នកភូមិ១ក្រុម បាននាំគ្នាដើរអូសត្រីនៅក្នុងប្រឡាយ បែរជាជាប់សាកសពនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ។
សាកសពដែលត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយ មានឈ្មោះឈួន ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅក្នុង ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់ឈ្មោះសោម សារី ភេទប្រុស អាយុ៣៥ឆ្នាំ បានរាយការណ៍ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់ជាអ្នកភូមិជាមួយគ្នា បាននាំគ្នាចុះទៅអូសត្រីនៅក្នុងប្រឡាយទឹក។ លុះពេលកំពុងអូសត្រីសុខៗ ស្រាប់តែមានរបស់អ្វីម៉្យាងធ្ងន់ជាប់ ទើបនាំគ្នាទាញអូសឡើងលើគោក និងខំតែត្រេកអរ នឹកស្មានថាជាត្រីធំ ដឹងអី! គ្រាន់តែទាញហើបផុតពីទឹក ទើបដឹងថា គឺជាសាកសពមនុស្សប្រុសម្នាក់ ធ្វើឱ្យម្នាក់ៗភ័យស្លន់ស្លោ រត់ទាំងព្រលឹងចុងសក់។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារលង់ទឹក បន្ទាប់មក សមត្ថកិច្ចក៏ ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណសាកសព ទើបដឹងថា សពមានឈ្មោះឈួន ប្រុស រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ រួចក៏ទំនាក់ទំនងទៅប្រាប់ក្រុមគ្រួសារតែម្តង។
តាមសម្តីឪពុកម្តាយសាកសព បានបញ្ជាក់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (សាកសព) បានកើតមានជម្ងឺវិកលចរិកជាច្រើនឆ្នាំមកហើយ និងតែងដើរហើរគ្មានគោលដៅនោះទេ លុះក្រោយពីដើរបាត់ពីផ្ទះប៉ុន្មានថ្ងៃ ក៏ស្រាប់តែមានដំណឹងថា កូនប្រុសនេះបានស្លាប់ក្នុង ប្រឡាយទឹក និងត្រូវអ្នកភូមិអូសត្រី អូសជាប់បែបនេះតែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕