កាលពីម្សិលមិញ ជាទិវានៃក្តីស្រលាញ់ អ្នកមានសង្សារ គូស្នេហ៍ ប្តីប្រពន្ធ ឪពុកម្តាយ បានទិញផ្កាជូនគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីសេចក្តីស្រលាញ់ចំពោះគ្នានឹងគ្នា។ ដោយឡែក បុរសម្នាក់បានត្រឹមទិញផ្កាកុលាបដ៏ស្រស់ស្អាតចំនួន៤ទង ចែកកូនម្នាក់មួយ និងគាត់១ ដាក់នៅពីមុខរូបថតភរិយាជាទីស្រលាញ់ ដែលបានលាចាកលោកចោលពួកគេ៣ឆ្នាំទៅហើយ។

នៅក្នុងគណនីហ្វេសប៊ុកបុរសម្នាក់ ឈ្មោះ LY Meng Kao បានបង្ហោះសារដំបូងអមជាមួយរូបថតកូន៣នាក់ ដែលមានអត្ថន័យថា “រំលឹកអនុស្សាវរយ៍14កុម្ភៈ នៃសេចក្ដីស្រលាញ់ចំពោះគ្រួសារ បងនឹងកូនៗតែងតែជួនផ្កាឲ្យអូនផ្ទាល់ដៃជារៀងរាល់ឆ្នាំ តែបីឆ្នាំកន្លងមកនេះ បានត្រឹមតែជូនផ្កាឲ្យអូននៅមុនរូបថត សូមអូនទទួលយកផ្កានេះផង ដោយក្ដីស្រលាញ់ និងនឹករលឹកពីបងនិងកូនៗទាំងបីនេះផងចុះ”។

ហ្វេសប៊ុកដែលនេះ ក៏បានបង្ហោះសារបន្ថែមថា “ថ្ងៃទី14កុម្ភៈ ខ្ញុំបានទៅទិញផ្កា អ្នកលក់ផ្កាក៏សួរខ្ញុំថា បងទិញផ្កាជូនអ្នកណាគេដែរ ខ្ញុំក៏ឆ្លើយ ទិញជូនប្រពន្ធខ្ញុំ អ្នកលក់ផ្កានិយាយថា ប្រពន្ធបង គាត់មានសំណាងណាស់បានប្ដីស្រលាញ់ ខ្ញុំក៏ឆ្លើយតបវិញថា ប្រពន្ធខ្ញុំគាត់គ្មានសំណាងទេ ព្រោះគាត់មិនបានទទួលផ្កានិងសេចក្ដីស្រលាញ់ពីខ្ញុំដោយផ្ទាល់ដៃទៀតទេ គាត់បានលាចាកលោកនេះបាត់ទៅហើយ នេះគ្រាន់តែទិញផ្កាជូនឲ្យគាត់នៅមុខរូបថតគាត់តែប៉ុណ្ណោះបីឆ្នាំមកហើយ មិនដឹងថា គាត់បានទទួលផ្កា និងសេចក្ដីស្រលាញ់ពីខ្ញុំដែរឬទេ អ្នកលក់ផ្កាក៏ស្រក់ទឹកភ្នែក ហើយនិយាយថា ហេតុអីក៏ខ្ញុំនៅរស់នៅមានជីវិត ហើយបានរស់នៅក្បែរប្ដី តែប្ដីខ្ញុំមើលខ្ញុំមិនឃើញសោះ”។

ជាចុងក្រោយ ហ្វេសប៊ុកដដែលនោះក៏បានផ្តាំផ្ញើដល់មនុស្សរាល់គ្នាថា “អញ្ចឹងហើយចូលបងប្អូនទាំងអស់ មិនថាបុរសឬស្ត្រី ផ្ដល់ភាពកក់ក្ដៅស្រលាញ់គ្រួសារឲ្យបានរាល់ថ្ងៃ មិនចាំបាច់ទាល់តែដល់ថ្ងៃ14កុម្ភៈនោះទេ កុំឲ្យមានពាក្យថាស្ដាយក្រោយ ព្រោះអីមនុស្សយើងម្នាក់ៗមិនអាចរស់នៅជាមួយគ្នារហូត ដោយគ្មានថ្ងៃបែកនោះទេ”៕





