Saturday, July 19, 2025
Homeព័ត៌មានជាតិតាខានហាត់ក្បាច់គុនល្បុក្កតោ៣ឆ្នាំ សាកទាត់បុរសម្នាក់១ជើង បែកប្លោកនោមស្លាប់

តាខានហាត់ក្បាច់គុនល្បុក្កតោ៣ឆ្នាំ សាកទាត់បុរសម្នាក់១ជើង បែកប្លោកនោមស្លាប់

ខេត្តកណ្តាល៖ ករណីបុរសចំណាស់ចេះក្បាច់គុនល្បុក្កតោ ទាត់បុរសពោះម៉ាយ បណ្តាលឱ្យបែកប្លោកនោមនេះ បានកើតឡើងតាំងពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មកម៉្លេះ នៅចំណុចមុខផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល។ លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះក៏បានស្លាប់ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

ជនរងគ្រោះមានឈ្មោះហុង តារ៉ា ហៅព្រឹង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះអ៊ូរ លាម ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីប្អូនបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ នៅថ្ងៃកើតហេតុ ខណៈដែលនៅកំពុងនៅផ្ទះ ស្រាប់តែឃើញអ្នកភូមិដឹកបងប្រុសមកដល់ ទាំងសភាពសន្លប់មិនដឹងខ្លួន ទើបនាងប្រញាប់បញ្ជូនទៅពេទ្យកេតុមាលា ភ្លាមៗ ពេលទៅដល់ ក្រោយពីពិនិត្យរួច គ្រូពេទ្យបានប្រាប់ថា បងរបស់នាងរងរបួសបែកប្លោកនោម ត្រូវធ្វើការវះកាត់ផ្លោកនោមនិងបង្ហួរនោម និងត្រូវសម្រាកក្នុងមន្ទីរពេទ្យរហូតដល់ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបចេញពីពេទ្យមកសំរាកនៅផ្ទះវិញ។ ស្រាប់តែមកដល់វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បងប្រុសរបស់នាងក៏ដាច់ខ្យល់ស្លាប់តែម្តង។

ស្ត្រីជាប្អូនស្រីជនរងគ្រោះ បានបញ្ជាក់ នៅថ្ងៃកើតហេតុ ដោយសារតែនាងរវល់យកបងប្រុសទៅពេទ្យ ទើបមិនបានដាក់ពាក្យបណ្តឹង ភ្លាមៗ ហើយរហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាសាក់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ូរ លាម បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានឃើញជនរងគ្រោះមកក្បែរផ្ទះ ក្នុងស្ថានភាពស្រវឹង ហើយឆ្កែព្រុសខ្លាំងពេក ទើបខ្លួនបានយកបន្ទះរនាបឫស្សី ដេញវាយឆ្កែ ពេលនោះជនរងគ្រោះបានជេរបញ្ចោរមកខ្លួន ហើយបានទាក់ពាក្យសម្តីគ្នាទៅវិញទៅមក ទើបខ្លួនទាត់១ជើង និងវាយ១ដៃ បណ្តាលឱ្យជនរងគ្រោះដួលអុកគូថសន្លប់តែម្តង ទើបអ្នកជិតខាងដឹកយកទៅផ្ទះបាត់។ តាមពិតកន្លងមក ខ្លួនធ្លាប់បានហាត់ក្បាច់គុនល្បុក្កតោ និងការ៉ាតេដូ រយៈពេល៣ឆ្នាំដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES