តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មថោន ស្រីស្អាតជុំ រចនាពេជ្រ ហៅនាងបេប៊ី បានឱ្យដឹងថា នាងគ្មានការអាក់អន់ចិត្តចំពោះផលិតកម្មថោន ដែលមិនបានឱ្យនាងច្រៀងបទសម្រាប់ចូលឆ្នាំខ្មែរ សូម្បីតែ១បទក៏គ្មានដែរនោះ គឺមានតែរីករាយទៅវិញទេ ពេលដែលបានក្លាយទៅជាតារាចម្រៀងរបស់ថោន ដែលជាផលិតកម្មធំមួយក្នុងចំណោមផលិតកម្មធំទាំង៣ក្នុងស្រុក។

មិនត្រឹមតែមិនអាក់អន់ស្រពន់ចិន្តាជាមួយថោន នោះទេ តែកាលពីថ្ងៃទី១៣ ខែកម្ភៈ នៅពេលដែលថោន ថត MV សម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរនោះ បេប៊ី ថែមទាំងទៅធ្វើជាពិធីការិនីនិងរាំសម្តែង សម្រាប់កម្មវិធីនោះឱ្យថោន ទៀតផង។

បេប៊ី វាចារថា “មានរឿងអីដែលខ្ញុំត្រូវអន់ចិត្តជាមួយថោន មានតែអរស្ទើរហោះទៅហើយ ពេលដែលបានចូលថោន ហ្នឹង ! ឥឡូវឆ្នាំហ្នឹង ខ្ញុំមិនទាន់មានបទចម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរមែន តែខ្ញុំបានសម្តែង បានធ្វើពិធីការិនីដែរតើ អ៊ីចឹងគ្មានអ្វីត្រូវតូចចិត្តតូចថ្លើមទេ ! ខ្ញុំគិតថា ថោន គាត់មានតារាច្រើន អ៊ីចឹង គាត់អាចធ្វើឱ្យតារាគាត់ចាស់ៗមុនច្រៀងសិន ព្រោះរៀបចំឱ្យខ្ញុំមិនទាន់ តែកម្មវិធីលើកក្រោយៗទៀត ច្បាស់ជាមានបទខ្ញុំដែរជាមិនខាន”។

បេប៊ី បានឱ្យដឹងដែរថា “ក្រោយចូលឆ្នាំខ្មែរហើយ បទចម្រៀងសម័យរបស់នាងនៅផលិតកម្មថោន និងមានជិត១០បទ ចេញវាយលុកលើទីផ្សារចម្រៀង ហើយនាងរំពឹងថា នឹងអាចសាងភាពល្បីឈ្មោះនៅទ្រនំធំនេះបន្ថែមទៀត ទោះជាថោន មានតារាតួឯក គឺមាស សុខសោភា ទៅហើយក្តី តែនាងបានស្រលាញ់សុខសោភា និងគ្មានចេតនាទៅប្រជែងសោភា ឡើយ។

បេប៊ី ស្ថិតក្នុងចំណោមតារាស្រីវ័យក្មេង ដែលមានទ្រព្យច្រើនដូចផ្លេកបន្ទោរ ដោយថ្មីៗនេះ នាងទើបទិញវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ ហើយជិះរថយន្តទំនើបៗ ផ្លាស់ប្តូរដូចខោអាវ ដូចជា Hightlander, Range Rover, Land Cruiser និង Audi ជាដើម។

មានព័ត៌មានថា បេប៊ី មានគូស្នេហ៍ជាមន្ត្រីធំនៅក្រោយខ្នង តែនាងបានប្រកែក។ ដោយឡែក ម្តាយរបស់បេប៊ី អ្នកស្រីប៊ុន ណារី បានថ្ងូរថា ពេលនេះកូនស្រីគាត់ពិបាកជ្រើសគូស្នេហ៍ ព្រោះ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕