ភ្នំពេញ ៖ បុរស២នាក់ គ្មានការងារធ្វើ ក៏បែកគំនិតបបួលគ្នាកោរសក់ស្លៀកស្បង់ចីវរ បន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្រ យកលុយមកចាយវាយផ្ទាល់ខ្លួន លុះ៧ថ្ងៃក្រោយ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវវេងស្រេង ចំណុចខាងមុខរោងចក្រស្រាបៀរហ្ក្រោន ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនក្លែងបន្លំជាសង្ឃទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ សុធា អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិសាម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង (បន្លំខ្លួនធ្វើជាសង្ឃបាន៧ថ្ងៃ) និងទី២-ឈ្មោះប្រាង សំណាង អាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង (បន្លំខ្លួនធ្វើជាសង្ឃបាន៣ថ្ងៃ)។

ក្រោយពីឃាត់ខ្លួនសង្ឃក្លែងក្លាយបានទាំង ២នាក់ សមត្ថកិច្ចនាំទៅសាកសួរ ត្រួតពិនិត្យ ជាក់ស្តែង ដកហូតស្បង់ចីវរ បាត្រ លុយជាង១០ម៉ឺនរៀល ដែលពួកគេបិណ្ឌបាត្រ រៃអង្គាសបាន សុំគោលការណ៍ពីការិយាល័យធម្មការ ធ្វើការអប់រំ និងកិច្ចសន្យាបញ្ឈប់យកសាសនា មកលេងសើច មកធ្វើជាមុខរបរ រួចអនុញាតឱ្យវិលត្រឡប់ទៅវិញ៕




