ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង ដោយប្តីចាក់ប្រពន្ធ១ទួរណឺវីស ធ្លុះបំពង់កនេះ ព្រោះខឹងប្រពន្ធមិនព្រមមកផ្ទះ ទៅជាហៅយ៉ាងងណាក៏ដោយ បានធ្វើឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង។

ស្ត្រីរងគ្រោះដែលត្រូវប្តីចាក់ធ្លុះបំពង់ក មានឈ្មោះសុខ ផល្លា អាយុ៣៦ឆ្នាំ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះជួង ជឹម អាយុ៣៨ ឆ្នាំ។ ប្តីប្រពន្ធទាំងពីរនេះ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

ប្រភពដដែលបន្តថា ប្តីប្រពន្ធខាងលើនេះ រស់នៅមិនចុះសម្រុងគ្នាទេ ហើយធ្លាប់លែងលះគ្នា៤ដងមកហើយ តែលែងមិនដាច់សោះ លុះមកដល់ថ្ងៃកើតហេតុ ប្តីប្រពន្ធមួយគូនេះ ឈ្លោះគ្នាទៀត ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធរត់ ទៅនៅផ្ទះឪពុកម្តាយ បង្កើតរបស់នាងវិញ វេលាម៉ោង៩យប់ថ្ងៃដដែល បុរសជាប្តីក៏បានទៅតាមរក រួចព្យាយាម លួងលោម ហៅប្រពន្ធឱ្យត្រឡប់មកផ្ទះវិញដែរ តែប្រពន្ធមិនមកជាមួយ ទើបបុរសជាប្តីផ្ទុះកំហឹង ក៏ចាប់អូសដៃប្រពន្ធចូលទៅក្នុងផ្ទះបាយ ក្បែរពាងទឹក រួចក៏ទាញទួរណឺវីសចាក់ស្ត្រីរងគ្រោះជាប្រពន្ធចំបំពង់ក បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយពីចាក់ប្រហារប្រពន្ធឱ្យធ្លុះបំពង់ក រងរបួសយ៉ាងធ្ងន់រួចហើយ ជនសង្ស័យជាប្តីក៏បាន បោះទួរណឺវីសចោល រួចរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោលភ្លាមៗតែម្តង។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ដើម្បីសង្គ្រោះជីវិត។

ជុំវិញករណីអំពើហិង្សាដោយចេតនា ដែលបង្កឡើងដោយបុរសជាប្តីខាងលើនេះ សមត្ថកិច្ចជំនាញស្រុកស្អាង កំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់”