ខេត្តរតនគីរី ៖ បុរសវ័យចំណាស់ម្នាក់ មានឈ្មោះកុំ ឡៃ អាយុ៥៩ឆ្នាំ ជាជនជាតិឡាវ មុខរបរកសិករ បានចេញទៅធ្វើចម្ការសុខៗ ក៏ស្រាប់តែត្រូវសត្វពក់វែក១ក្បាលចឹក បណ្តាលឱ្យរងរបួសធ្ងន់ ឈឺចុកចាប់យ៉ាងខ្លាំង និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ដោយសារស្ថានភាពផ្លូវលំបាក និងមានចំងាយឆ្ងាយផងនោះ ទើបធ្វើឱ្យយឺតពេលសង្គ្រោះ បណ្តាលឱ្យជនរងគ្រោះ ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ។

ករណីនេះបង្កឱ្យមានកាភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្រែគែង ស្ថិតក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានដើរចេញពីផ្ទះទៅធ្វើចម្ការដូចសព្វដង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញ ដោយកាន់ពស់វែកងាប់១ក្បាល រួចប្រាប់ថា ពស់វែកនេះបានចឹកគាត់ ធ្វើឱ្យគាត់ឈឺចុកចាប់ខ្លាំងណាស់។ ភ្លាមនោះ ក្រុមគ្រួសារ រួមនឹងអ្នកភូមិ ក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពផ្លូវលំបាកផង ឆ្ងាយផង ទើបធ្វើឱ្យយឺតពេល បណ្តាលឱ្យជនរងគ្រោះ ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យ វិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវសត្វពស់វែកចឹក បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុ ដោយសារបញ្ជូនទៅសង្គ្រោះមិនទាន់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕