ខេត្តកំពង់ស្ពឺ ៖ បុរសវ័យ៧០ឆ្នាំម្នាក់ បានទាក់ទងស្គាល់ស្ត្រីវ័យជាង៤០ប្លាយម្នាក់ និងបានផ្តោះផ្តងវាចាស្នេហា រហូតដល់ត្រូវរ៉ូវដឹកដៃគ្នាឡើងផ្ទះសំណាក់ក្រេបរសជាតិទឹកឃ្មុំ ដឹងអី! រសជាតិទឹកឃ្មុំ បានប្រែក្លាយជាទឹកខ្មេះវិញ បន្ទាប់ពីអ្នកទាំងពីរដឹកដៃគ្នាចុះពីលើផ្ទះសំណាក់ ស្រាប់ តែត្រូវសមត្ថកិច្ចរង់ចាំចាប់វាយខ្នោះខាងប្រុស តាមពាក្យបណ្តឹងម្តាយខាងស្រី ធ្វើឱ្យបុរសវ័យ៧០ឆ្នាំ អង្គុយតែគ្រវីក្បាលហួសចិត្ត មិនគួរស្គាល់ក្លិនខ្លួនអូនម្តង ម្តាយអូនប្តឹងចាប់បងដាក់គុកបែបនេះសោះ។

ករណីគូវ័យចំណាស់ ត្រូវរ៉ូវគ្នាឡើងក្រេបទឹកឃ្មុំលើផ្ទះសំណាក់ លុះចុះមកវិញ ត្រូវម្តាយខាងស្រីប្តឹងប៉ូលិសចាប់ខាងប្រុសនេះ បានកើត មានការភ្ញាក់ផ្អើលឡើង កាលពីវេលាសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
បុរសចំណាស់ ដែលក្លាយខ្លួនជាអ្នកទោសស្នេហា មានឈ្មោះង៉ែត ស៊ីថុង អាយុ៧០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ចំណែកភាគីខាងស្រី មានឈ្មោះស.ច.អ អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយស្ត្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើបុរសចំណាស់ឈ្មោះង៉ែត ស៊ីថុង អាយុ៧០ឆ្នាំ ថាបានល្បួងកូនស្រីរបស់គាត់ឡើងទៅលើផ្ទះសំណាក់ចាប់រំលោភ។ បន្ទាប់ពី ទទួលបានពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះអន្តរាគមន៍ ឃាត់ខ្លួនបុរសចំណាស់ខាងលើ នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។
បុរសចំណាស់ជាអ្នកទោសស្នេហាខាង ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕