ខេត្តកោះកុង ៖ នារីវ័យក្មេងរូបស្រស់ ដែលជិះម៉ូតូបុកពីក្រោយរថយន្តដឹកកម្មករមួយគ្រឿង ដែលរលត់ខូចនៅលើស្ពានកោះកុង កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បណ្តាលឱ្យបត់កទៅក្រោយជាប់នឹងម៉ូតូ រងរបួសយ៉ាងធ្ងន់នោះ បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យ។

នារីរងគ្រោះដែលបាត់បង់ជីវិតរូបនោះ មានឈ្មោះលី ស្រីមុំ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។

លោកអធិការស្រុកមណ្ឌលសីមា បានបញ្ជាក់ប្រាប់ថា នារីរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុករថយន្តពីក្រោយលើស្ពានកោះកុង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានស្លាប់ហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ សពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹក ចេញពីមន្ទីរពេទ្យទៅកាន់ស្រុកកំណើត នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន កើតឡើង នៅចំណុចលើស្ពានព្រែកកោះប៉ោ (ស្ពានកោះកុង) ស្ថិតក្នុងស្រុកមណ្ឌលសីមា ដោយនារីវ័យក្មេង២នាក់ ជិះម៉ូតូជ្រុលទៅបុកពីក្រោយ រថយន្តដឹកកម្មករមួយគ្រឿង ដែលរលត់ខូចនៅលើស្ពានកោះកុង បណ្តាលឱ្យកៀបម៉ូតូជាប់នឹងគូទរថយន្ត ចំណែកនារីជាអ្នកបើកបរបានបត់ក ទៅក្រោយជាប់នឹងម៉ូតូ រងរបួសយ៉ាងធ្ងន់ រីឯអ្នករួមដំណើររងរបួសស្រាល៕







