ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីអភ័ព្វម្នាក់ ទើបនឹងមានផ្ទៃពោះលើកដំបូង លុះឈឺពោះសម្រាល ត្រូវប្តីដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពភ្លាមៗ ដើម្បីឱ្យគ្រូពេទ្យជួយសម្រាល ស្រាប់តែអកុសល សម្រាលមិនរួច បណ្តាលឱ្យស្លាប់ទាំងម្តាយទាំងកូនក្នុងផ្ទៃ និងត្រូវបានក្រុមគ្រូពេទ្យឆ្លើយដោះសាយករួចខ្លួន ជាហេតុធ្វើឱ្យបុរសជាប្តីកើតទុក្ខ មិនសុខចិត្តទាមទាររកយុត្តិធម៌សម្រាប់ប្រពន្ធ និងកូនរបស់ខ្លួន។

ហេតុការណ៍ស្ត្រីសម្រាលកូនមិនរួច ស្លាប់ទាំងម្តាយទាំងកូន បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមណ្ឌលសុខភាពឃុំព្រៃខ្មែរ។
ស្ត្រីរងគ្រោះមានឈ្មោះភិន សុខភេន អាយុ២៥ឆ្នាំ មានប្តីឈ្មោះលឹម គឹមឡុង អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ។

តាមសម្តីបុរសជាប្តី ដែលកំពុងតែបួសមុខភ្លើងរយៈពេល៧ថ្ងៃ បានរៀបរាប់ថា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រពន្ធរបស់គាត់ឈឺពោះសម្រាលកូនលើកដំបូង ហើយក៏បាននាំ យកទៅកាន់មណ្ឌលសុខភាពឃុំព្រៃខ្មែរ ដោយដឹកតាមរ៉ឺម៉កម៉ូតូ។ ពេលទៅដល់ មានក្រុមគ្រូពេទ្យចំនួន៤នាក់ បាននាំប្រពន្ធរបស់គាត់ចូលទៅក្នុងបន្ទប់សម្ភព យ៉ាងយូររហូតដល់ម៉ោង៤ជិតភ្លឺ ស្រាប់តែឮប្រពន្ធគាត់ស្រែកយ៉ាងខ្លាំង ពេលនោះ ក្រុមគ្រូសារគាត់បានឃើញក្រុមគ្រូពេទ្យចេញមកវិញ និងបានហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

បុរសជាប្តី បន្តថា ពេលលើកប្រពន្ធរបស់ គាត់ដាក់ចូលក្នុងរថយន្តសង្គ្រោះគ្រួសារគាត់ បានឃើញប្រពន្ធគាត់ស្លេកស្លាំងណាស់ទៅហើយ និងបែកពពុះមាត់ទៀតផង។ នៅតាមផ្លូវ អ្នកគ្រូពេទ្យម្នាក់បាននិយាយថា ប្រពន្ធគាត់បានស្លាប់បាត់ទៅហើយ។ ប៉ុន្តែគ្រូពេទ្យនៅតែបញ្ជូនប្រពន្ធ របស់គាត់មកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ពេលមកដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បាននិយាយថា ដឹកសពមកធ្វើអី មនុស្សស្លាប់បាត់ទៅហើយ។ បន្ទាប់មក ក្រុមគ្រូពេទ្យក៏បានដឹកសពប្រពន្ធរបស់គាត់ទៅផ្ទះវិញ។
ប្រភពដដែលបានបន្តថា ក្រុមគ្រូពេទ្យបានប្រាប់ក្រុមគ្រួសាររបស់គាត់ថា ប្រពន្ធគាត់មានជំងឺខ្សោយបេះដូងពេលសម្រាលកូន។ គាត់សួរថា បើដឹងថាខ្សោយបេះដូង ម្តេចមិនបញ្ជូនទៅមន្ទីរពេទ្យបង្អែក ម្តេចក៏ទុករហូតដល់ម៉ោង៤ជិតភ្លឺ ទើបបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។

បុរសជាប្តីស្ត្រីខាងលើ បានបញ្ជាក់ថា ក្រុមគ្រួសារគាត់មិនមានបំណងប្តឹងផ្តល់ដល់ក្រុមគ្រូពេទ្យនោះទេ គ្រាន់តែសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់ ពិសេសគ្រូពេទ្យនៅមណ្ឌលសុខភាពព្រៃខ្មែរ សូមយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងសំណូមពរដល់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមមេត្តាជួយពង្រឹងគុណភាពដល់ក្រុមគ្រូពេទ្យទាំងអស់នោះផង ព្រោះជីវិតមនុស្សមានតម្លៃខ្លាំងណាស់ ការបាត់បង់ជីវិតសមាជិកគ្រួសារពិតជាមានទំហំធំធេងណាស់ ហេតុនេះសូមផ្តល់ភាពកក់ក្តៅនិងយុត្តិធម៌ដល់អ្នកជំងឺផង។
ជុំវិញបញ្ហាខាងលើនេះ លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះខាងលើ ពេលសម្រាលកូន គឺដាច់សរសៃឈាមក្នុងទឹកភ្លោះ ដែលមិនអាចជួយសង្គ្រោះបាន។

ទោះយ៉ាងនេះក្តី ការស្លាប់របស់ស្ត្រីខាងលើ គួរតែមណ្ឌលសុខភាពជាអ្នកទទួលខុសត្រូវ។ ហេតុនេះហើយគួរតែផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារខាងលើនេះផង៕