ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ បានដើរទៅលាងជើងនៅពាងទឹកក្បែរផ្ទះរបស់ខ្លួន ស្រាប់តែត្រូវសត្វពស់មានពិស១ក្បាល (ពស់ស្រកាចាស់) ចឹកចំកជើង បណ្តាលឱ្យឈឺចុកចាប់យ៉ាងខ្លាំង រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ក្មេងប្រុសត្រូវពស់ស្រកាចាស់ចឹកចំកជើងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយ។
ក្មេងប្រុសរងគ្រោះដែលត្រូវពស់មានពិសចឹក មានឈ្មោះសូត ឈីលីភិញ អាយុ១១ឆ្នាំ រស់នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយ។

តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរទៅលាងជើងនៅពាងទឹកក្បែរផ្ទះ ដោយមិនបានចាប់អារម្មណ៍ថាមានសត្វពស់ ១ក្បាលនៅទីនោះឡើយ លុះពេលកំពុងលាងជើង ក៏ស្រាប់តែសត្វពស់នោះបានចឹកចំកជើងរបស់ក្មេងប្រុសរងគ្រោះ ធ្វើឱ្យមានការឈឺចុកចាប់ស្រែកយំយ៉ាងខ្លាំង ផ្អើលដល់ក្រុមគ្រួសារស្ទុះយកពិលទៅពិនិត្យមើល ក៏ប្រទះឃើញសត្វពស់ស្រកាចាស់ ១ក្បាល នៅក្បែរនោះ ទើបដឹងថា ជនរងគ្រោះត្រូវពស់ចឹក ក៏ប្រញាប់ដឹកបញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗតែម្តង។
បច្ចុប្បន្នក្មេងប្រុសរងគ្រោះ ដោយសារសត្វពស់ចឹកខាងលើនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកថ្មពួក៕