ខេត្តព្រៃវែង ៖ អាជីវកររកស៊ីទិញលក់គ្រឿងប្លាកទីន នៅផ្សារកំពង់ត្របែក រវល់នាំកូនទៅមន្ទីរពេទ្យ ស្រាប់តែត្រូវក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ផ្ទះ ចូលទៅប្រមូលយកលុយកាក់ទ្រព្យសម្បត្តិ អស់ជាង២៥តម្លឹង (ប្លាកទីន) បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីចន្លោះម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះឯក បូរី ភេទប្រុស អាយុ៤៥ឆ្នាំ ជាអាជីវកររកស៊ីទិញ-លក់គ្រឿងប្លាទីន នៅផ្សារកំពង់ត្របែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនរបស់ម្ចាស់ផ្ទះឈឺ ទើបឪពុកម្តាយបាននាំកូនទៅកាន់មន្ទីរពេទ្យស្រុក ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាល លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ស្រាប់តែឃើញផ្ទះត្រូវជនសង្ស័យគាស់ទម្លាយទ្វារខូចអស់ ហើយនៅខាងក្នុងផ្ទះត្រូវរើកកាយគ្រប់ទីកន្លែង សូម្បីតែទូដែកទុកលុយនិងគ្រឿងអលង្ការ ក៏ត្រូវក្រុមជនសង្ស័យគាស់ខូចខ្ទេចខ្ទីអស់ដែរ។

តាមការអះអាងរបស់ម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា ទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវក្រុមជនសង្ស័យប្រមូលយកទៅ រួមមាន ប្លាទីន ចំនួន២៥តម្លឹង, មាស១ជី និងលុយចំនួន២លានរៀល ក្រៅពីនោះគឺខូចខាតទ្វារផ្ទះទ្វារបន្ទប់ និងរបស់របរមួយចំនួនផងដែរ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមប្រមាញ់ចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕