Tuesday, July 22, 2025
Homeព័ត៌មានជាតិចុម!!! សាហាវរបស់គាត់មែន វ៉ៃ១ពូជតែម្តង

ចុម!!! សាហាវរបស់គាត់មែន វ៉ៃ១ពូជតែម្តង

ខេត្តកណ្តាល ៖ ហេតុការណ៍អំពើហិង្សាដោយចេតនា វ៉ៃ១គ្រួសារ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល។

ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះកែវ ផល្លី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកម្មករសំណង់ រងរបួសបែកក្បាលដេរ៦ថ្នេ ទី២-ឈ្មោះឡាំង គន្ធា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រងរបួសក្បាលដេរ៤ថ្នេរ និងរបួសរយះដៃឆ្វេង១ថ្នេរ និងទី៣-ឈ្មោះផល្លី ចាន់ថេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រងរបួសក្បាលដេរ៥ថ្នេរ។ ជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវជាឪពុកម្តាយ កូននឹងគ្នា និងមានលំនៅ ក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល។

ចំណែកជនសង្ស័យឈ្មោះចាន់ សុជាតិ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះឈ្មោះផល្លី ចាន់ថេត បានជិះកង់ម្នាក់ឯងចេញពីផ្ទះទៅ រកទិញនំហូប លុះក្រោយពេលចេញបានបន្តិច ក៏ស្រាប់តែជួបជនដៃដល់កំពុងដើរតាមផ្លូវ។ គ្រាន់តែឃើញជនរងគ្រោះភ្លាម ជនដៃដល់ក៏បានស្ទុះទៅវាយ១ដៃ ទាំងកម្រោល​ ដោយគ្មានរឿងអ្វីសោះ បន្ទាប់មកក្មេងប្រុសរងគ្រោះបានជិះកង់ទៅប្រាប់ឪពុករបស់ខ្លួន ឈ្មោះកែវ ផល្លី។ ភ្លាមៗនោះ បុរសជាឪពុក បានទៅសួរនាំជនសង្ស័យ ពេលនោះជនសង្ស័យបានរត់ទៅផ្ទះយកដែក យកមកវាយលើជនរងគ្រោះ២នាក់ ឪពុកនិងកូនម្នាក់១ដែក បណ្តាលឱ្យរងរបួសបែករយះក្បាល និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បែកចាន និងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល បានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនដៃដល់ នាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ខ្លួនទើបត្រឡប់មកពីផឹកស្រានៅផ្ទះជីដូនរបស់ខ្លួននៅក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន លុះដល់ចំណុចកើតហេតុ ស្រាប់តែឃើញឈ្មោះផល្លី ចាន់ថេត កំពុងជិះកង់ ខណៈនោះខ្លួនខឹងខ្លាំងណាស់ ព្រោះមានគំនុំយូរហើយ ដោយសារតែជនរងគ្រោះលួចកូនទារបស់ខ្លួន ទើបពេលនោះខ្លួនបានវាយ១ដៃបញ្ចោញកំហឹង លុះបន្តិចក្រោយមកឃើញ ឈ្មោះកែវ ផល្លី ជាឪពុកជនរងគ្រោះទៅដល់សួរនាំរញ៉េរញ៉ៃ ខ្លួនក៏វាយទៀត។ លុះដោយសារតែកំហឹងកាន់តែពុះកញ្ជ្រោលទប់លែងបាន ទើបខ្លួន ក៏បានបន្តទៅវាយឈ្មោះឡាំង គន្ធា ដែលត្រូវជាប្រពន្ធ និងម្តាយជនរងគ្រោះកំពុងនៅផ្ទះបណ្តាលឱ្យរងរបួសម្នាក់ទៀត។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES