ខេត្តបន្ទាយមានជ័យ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញឆេះខ្លោចជាមួយនឹងកង់ឡាន ក្បែរដំបូកក្នុងព្រៃមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

ជនរងគ្រោះដែលត្រូវឃាតករគរកង់ឡានដុតសម្លាប់យ៉ាងព្រៃផ្សៃ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្សប្រុស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញមានភ្លើងឆេះនៅចំណុចកើតហេតុខាងលើ ក៏ចូលទៅមើលនឹកស្មានថា ជាករណីភ្លើងឆេះព្រៃ ស្រាប់តែទៅដល់ ក៏ប្រទះឃើញសាកសពមនុស្សឆេះខ្លោចជាមួយនឹងកង់ឡាន នៅក្បែរដំបូកមួយកន្លែងបាត់ទៅហើយ ទើបបានយកទឹកពន្លត់ រួចក៏ប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាង លើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ រួចបញ្ជាក់ថា សាកសពដែលឆេះខ្លោចនេះ គឺជាមនុស្សប្រុស និងត្រូវបានជនមិនស្គាល់មុខដុតជាមួយនឹងកង់ឡាន បំណងបំបាត់ភស្តុតាង។ ចំណែកមូលហេតុដែលនាំឱ្យមានករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់កំណត់បាននៅឡើយ ដោយពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវនៅទីតាំងកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ យក មកផ្តន្ទាទោសតាមផ្លូវច្បាប់។

ចំណែកសាកសព សមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណ និងស្រាវជ្រាវរកសាច់ញាតិ ដើម្បីឱ្យមកទទួលយកសាកសព ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕