ភ្នំពេញ ៖ ស្ត្រីម្នាក់បានកើតមានជម្លោះតឹងសរសៃកជាមួយប្តី រួចក៏មានគំនិតខ្លី ចង់បញ្ចប់ជីវិតខ្លួនឯង និងកូនតូចមិនទាន់ដឹងក្តី បានបីកូនតូច ឡើងទៅឈរនៅលើសំយាបផ្ទះសំណាក់ ប្រុងលោតសម្លាប់ខ្លួនទាំង២នាក់ម្តាយកូន ប៉ុន្តែត្រូវបានគេប្រទះឃើញទាន់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ លួងលោមឱ្យចុះមកក្រោមវិញ។

ហេតុការណ៍ស្ត្រីខឹងប្តី បែរជាមានគំនិតខ្លីចង់សម្លាប់ទាំងកូនខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ចំណុចផ្ទះសំណាក់សុមនា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិ ព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួន និងកូនខាងលើនេះ មិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួននោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ មានប្តីជាជនជាតិចិន មុខរបរមេការសំណង់ និងមានកូនប្រុសម្នាក់ អាយុទើបនឹងជិត១ខួបប៉ុណ្ណោះ។

តាមប្រភពពីម្ចាស់ផ្ទះសំណាក់ សុមនា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រី ជាប្រពន្ធខាងលើមានជម្លោះជាមួយប្តី (ជនជាតិចិន) បន្ទាប់មកក៏បានឡើងលើសំយាបប៉ាណូផ្ទះសំណាក់ ជាន់ទី១ ឃើញបែបនេះ ពួកគាត់ក៏បានបំបែកភាគីបុរសជាប្តីចេញ ដើម្បីឱ្យស្ត្រីខាងលើចុះមកវិញ តែស្ត្រីរូបនោះនៅតែបម្រុងលោតចុះដដែល ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវចោមរោមមើលសម្តែងនូវទឹកចិត្តអាណិតអាសូរចំពោះក្មេងប្រុសតូច មិនទាន់ដឹងក្តី ដែលត្រូវម្តាយកំពុងបីជាប់ដៃប្រុងលោតសម្លាប់ខ្លួន។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗផងដែរ ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីស្ត្រីម្នាក់បានបីកូនតូចនៅក្នុងដៃ ប្រុងលោតសម្លាប់ខ្លួនពីលើផ្ទះសំណាក់ភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានព្យាយាមលួងលោមស្ត្រីខាងលើ កុំឱ្យធ្វើអត្តឃាត (លោតសម្លាប់ខ្លួន) ទោះមានរឿងអ្វីសមត្ថកិច្ចនឹងជួយដោះស្រាយ។ បន្ទាប់មក ស្ត្រីរូបនោះក៏ទន់ចិត្ត យល់ព្រមចុះមកក្រោមវិញ ដោយបញ្ឈប់គំនិតសម្លាប់ខ្លួន ធ្វើឱ្យប្រជាពលរដ្ឋដែលចោមរោមមើលតាមផ្លូវមានការត្រេកអរយ៉ាងខ្លាំង។

បន្ទាប់ពីចុះមកដល់ក្រោមវិញ សមត្ថកិច្ចបានព្យាយាមសួរនាំរកហេតុផលដែរ តែស្ត្រីរូបនោះទំនងជាមានការតក់ស្លុតពេក ទើបសន្លប់មួយសន្ទុះ។ ចំណែកបុរសជាប្តីជនជាតិចិន វិញ បានបើករថយន្តចេញទៅបាត់ ដោយសមត្ថកិច្ចមកមិនទាន់ឡើយ។

បន្ទាប់ពីដឹងខ្លួនឡើងវិញ ស្ត្រីរូបនោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ បុរសជាប្តីរបស់នាង ទើបមកពីផឹកស៊ី ចំណែកនាងជាប្រពន្ធចាំមើលផ្លូវប្តី ដើម្បីហូបបាយជុំគ្នា ស្រាប់តែប្តីមកដល់ផ្ទះ មិនដឹងមានរឿងអ្វី បែរជាមករករឿងនាងទៅវិញ ជាហេតុធ្វើឱ្យនាងតូចចិត្តពេក ក៏សម្រេចលោតសម្លាប់ខ្លួនទាំង២នាក់ម្តាយកូនតែម្តង។

ក្រោយពីស្តាប់ហេតុផលរបស់ស្ត្រីខាងលើ ចប់សព្វគ្រប់ សមត្ថកិច្ចបានណែនាំស្ត្រីខាងលើ កុំឱ្យគិតខ្លីចង់សម្លាប់ខ្លួនបែបនេះទៀត ព្រោះជីវិតមានតម្លៃខ្លាំងណាស់ ពិសេសគួរអាណិតដល់កូនតូចដែលមិនទាន់ដឹងក្តីនៅឡើយ។ ជាមួយនេះ សមត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ដែរថា សមត្ថកិច្ចនឹងជួយរកបុរសជាប្តី ដើម្បីនាំមកដោះស្រាយបញ្ហាក្នុងគ្រួសារមួយនេះ ឱ្យចប់សព្វគ្រប់៕