ភ្នំពេញ ៖ ហេតុការណ៍បុរសមានវិបត្តិផ្លូវចិត្ត លោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា ដោយសារតែប្រពន្ធកូនរបស់ខ្លួនដែលរស់នៅស្រុកកំណើត ត្រូវបានជនមិនស្គាល់មុខសម្លាប់ចោលអស់ទៅហើយ ណាមួយខ្លួនជំពាក់ប្រាក់គេ៤០០ដុល្លារ អត់លុយសង់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចស្ពានជ្រោយចង្វា ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសគិតខ្លីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន មានឈ្មោះចេវ ពន្លក អាយុ៣៥ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅតាមផ្លូវសុខហុក ក្នុងខណ្ឌ៧មករា និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ បានបើកម៉ូតូរ៉ឺម៉កសំដៅឡើងស្ពានជ្រោយ ចង្វារ ក្នុងទិសដៅពីកើតទៅលិច។ លុះពេលឡើងមកដល់ចំណុចពាក់កណ្តាលស្ពាន បុរសរូបនេះ ក៏ឈប់ចតរ៉ឺម៉កម៉ូតូរបស់ខ្លួននៅលើស្ពាន ស្រាប់តែ ស្ទុះឡើងតោងបង្កាន់ដៃស្ពាន រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេ សម្លាប់។ ក្រោយលោតចុះទៅក្នុងទឹកទន្លេរួចមក គេឃើញបុរសនោះមិនបានលិចចូលទឹកបាត់ខ្លួននោះទេ ព្រោះតែបុរសនោះចេះហែលទឹក ឡើងមាត់ច្រាំងទន្លេវិញ ហើយភ្លាមនោះ មានប្រជានេសាទនៅក្បែរនោះ បានប្រទះឃើញ ក៏ប្រញាប់ ចេញទូកទៅជួយស្រង់បុរសខាងលើដាក់លើទូក រួចនាំមកលើគោកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរូបនោះ បានរៀបរាប់ថា គាត់ពុំចង់រស់នៅទៀតឡើយ ព្រោះធុញថប់នឹងជីវិតខ្លាំងណាស់ ដោយសាតែគាត់បានជំពាក់ប្រាក់គេចំនួន៤០០ដុល្លារ អត់លុយសង ណាមួយប្រពន្ធកូននៅឯស្រុកកំណើត ទើបនឹងត្រូវបានជនមិនស្គាល់សម្លាប់ចោលអស់ទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចបានព្យាយាមអប់រំ ណែនាំបុរសខាងលើ ឱ្យបញ្ឈប់គំនិតប៉ងសម្លាប់ខ្លួនបែបនេះទៀត រួចក៏ទំនាក់ទំនងរក សាច់ញាតិបុរសខាងលើ ដើម្បីមកទទួលយកបុរសរូបនេះ ត្រឡប់ទៅផ្ទះវិញ៕
