ខេត្តស្វាយរៀង ៖ ចម្ការអំពៅរបស់ក្រុមហ៊ុន កុយ សារ៉េន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១១និង៥២នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ធ្វើឱ្យមានការខូចខាតអំពៅអស់ចំនួន១៤ហិកតារ និងត្រូវបានខាងក្រុមហ៊ុន ដាក់ការសង្ស័យថា អាចមានមនុស្សមានបំណងមិនល្អលួចដុតបំផ្លាញ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាកម្មករបាននាំគ្នាប្រញាប់ប្រញាលជួយពន្លត់ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ រហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង១រសៀលថ្ងៃដដែល។

ពាក់ពន្ធ័ទៅនិងករណីភ្លើងឆេះចម្ការអំពើខាងលើនេះ សមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា ចម្ការអំពៅដែលសង្ស័យគេលួចដុតនេះ គឺជារបស់ក្រុមហ៊ុនលោកកុយ សារ៉េន និងត្រូវបានសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋ និងខាងក្រុមហ៊ុនជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ ដោយចំណាយពេលជិត២ម៉ោង ទើបបានគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែចម្ការអំពៅខាងលើ បានរងការខូចខាតអស់ប្រមាណ១៤ហិតតារទៅហើយ។
ប្រភពដដែលបន្តថា ចម្ការអំពៅរបស់ក្រុមហ៊ុនកុយ សារ៉េន នេះ គឺត្រូវបានភ្លើងឆេះជាច្រើនលើកច្រើនសារមកហើយ ក្នុងរយៈពេល ដើមឆ្នាំ២០១៩នេះ ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង ទី១. សង្ស័យមានអ្នកជក់បារីចោលកន្ទុយបារី ដោយខ្វះការប្រុងប្រយត្ន័ ខណៈអាកាសធាតុក្តៅផង ទើបបណ្តាលឱ្យឆាបឆេះ និងទី២. សង្ស័យមានអ្នកមានបំណងមិនល្អទៅលើក្រុមហ៊ុន ធ្វើសកម្មភាពលួចដុត។ យ៉ាងណាក្តី សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមវែកមុខជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសឱ្យខានតែបាន។

ពាក់ពន្ធ័ទៅនឹងករណីខាងលើនេះ ម្ចាស់ក្រុមហ៊ុនចំការអំពៅបានត្អូញត្អែរថា ចម្ការអំពៅរបស់គាត់ត្រូវរងការឆាបឆេះជាច្រើនលើកមកហើយ ដោយមិនដឹងឆេះមកពីមូលហេតុអ្វីពិតប្រាកដនោះទេ តែវាបានបង្កឱ្យក្រុមហ៊ុនមានការខាតបង់ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចឈានទៅរកការក្ស័យធន់ទៀតផង៕