Tuesday, July 22, 2025
Homeព័ត៌មានជាតិគ្រាន់តែឮដំណឹងភ្លាម គាត់មកភ្លែត ស្រែកយំឱបកូន

គ្រាន់តែឮដំណឹងភ្លាម គាត់មកភ្លែត ស្រែកយំឱបកូន

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ យុវជនម្នាក់ បានខ្ទាតចូលទៅក្រោម រថយន្តកុងតឺន័រ ១គ្រឿង កិនស្លាប់មួយរំពេចនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល រីឯរថយន្តកុងតឺន័រនោះ បានបន្ថែមល្បឿនគេចបាត់ នៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

យុវជនរងគ្រោះដល់ស្លាប់ មានឈ្មោះធី សុវណ្ណ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសែនសុខ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកយុវជនដែលរួមដំណើរ មានឈ្មោះផើន ផាត់យុទ្ធ អាយុ១៧ឆ្នាំ រៀនជាមួយគ្នា ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសស្រាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនទាំងពីរនាក់ខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GQ-2041 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ខណៈដែលម៉ូតូជនរងគ្រោះជិះបានពាក់កណ្តាលរថយន្តកុងតឺន័រ ក៏ស្រាប់តែមិនដឹងជាមានឧបសគ្គអ្វី ក៏រអិលដួល ធ្វើឱ្យយុវជនរងគ្រោះឈ្មោះធី សុវណ្ណ ដែលជិះពីក្រោយ បានខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ចំណែកឈ្មោះផើន ផាត់យុទ្ធ ដែលជាអ្នកបើកម៉ូតូ ខ្ទាតចេញក្រៅ ទើបគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ រីឯរថយន្តកុងតឺន័រ ក្រោយកើតហេតុបានបើកគេចបាត់ស្រមោលបាត់។

ក្រោយកើតហេតុ យុវជនដែលរងរបួសស្រាល បានទូរស័ព្ទផ្តល់ដំណឹងដល់ឪពុកម្តាយយុវជនរងគ្រោះ ប្រញាប់ធ្វើដំណើរមកដល់កន្លែងកើតហេតុភ្លាមៗ លុះមកដល់ ប្រទះឃើញកូនប្រុសដេកស្លាប់កណ្តាលទ្រូងផ្លូវគួរឱ្យសង្វេគ ក៏ស្ទុះទៅត្រកងបី ឱបសពកូនប្រុស ស្រែកទួញយំយ៉ាងស្រណោះស្រណោកជាទីបំផុត។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងហើយអូសយក ម៉ូតូទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ ចំណែកភាគីរថយន្តកុងតឺន័រ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ដោយឡែក សាកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យឪពុកម្តាយ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES