ខេត្តព្រះវិហារ ៖ កាលពីវេលាព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសម្នាក់ មានឈ្មោះរិន ដារិទ្ធ បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏មករករឿងតាយាយបង្កើតខ្លួនឯង រហូតដល់ផ្ទុះកំហឹងខ្លាំង ក៏ឈានដល់ការដុតផ្ទះតាយាយបណ្តាលឱ្យឆេះក្លាយជាផេះផង់ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះសុខ សំអឿន ភេទប្រុស អាយុ៨២ឆ្នាំ មានប្រពន្ធឈ្មោះធុន សាមឿន អាយុ៧៦ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ម្ចាស់ផ្ទះរងគ្រោះត្រូវជាតាយាយបង្កើតរបស់ជនសង្ស័យ។

លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យជាចៅបង្កើតបានផឹកស៊ីស្រវឹង ហើយបង្កហិង្សារករឿងយាយតាជាម្ចាស់ផ្ទះ រហូតឈានដល់ការដុតផ្ទះរបស់យាយតាក្លាយជាផេះ។ ហើយជាញឹកញាប់ ស្របពេលដែលជនសង្ស័យដែលជាចៅមកលេងផ្ទះម្តងៗ ឱ្យតែបានផឹកស៊ីស្រវឹង គឺរករឿងតាយាយបោកចានបោកឆ្នាំង និងគំរាមដុតផ្ទះ។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យផ្ទះ១ខ្នង មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី រួមនឹងសម្ភារ ជាច្រើនទៀត ត្រូវបានភ្លើងឆេះក្លាយជាផេះផង់។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទៅជួយបាញ់ទឹកពន្លត់ ដោយប្រើទឹកអស់ចំនួន៤រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។ ដោយឡែកជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងស្វែងរកចាប់ ខ្លួនជនបង្ករូបនេះ ដើម្បីនាំយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន៕
