ខេត្តតាកែវ ៖ ករណីហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារបុរស២នាក់ បានអង្គុយផឹកស៊ីជុំគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែភាគីម្ខាង បាននិយាយដៀមដាមចុះឡើងៗ រហូត ធ្វើឱ្យភាគីម្ខាងទៀត សង្កៀរត្រចៀកពេកទ្រាំមិនបាន ក៏ស្ទុះទៅទាញដាវដេញកាប់ជនរងគ្រោះ រត់គេចផ្អើលពេញភូមិ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ខ្លួនជនបង្កយកទៅចាត់ការតាមច្បាបនៅចំណុចភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស។
ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រី ចាន់តារា អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះវាំង រ៉េត អាយុ៦០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កនិងជនរងគ្រោះ បានអង្គុយផឹកស៊ីជុំគ្នា រហូតដល់ស្រវឹងជោកជាំ ក៏ស្រាប់តែជនរងគ្រោះចេះតែនិយាយដៀមដាមដាក់ជនបង្ក ជាហេតុធ្វើឱ្យជនបង្កទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញដាវដេញកាប់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ័យព្រលឹងចុងសក់ រត់គេចខ្លួនផ្អើលពេញភូមិ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋក្នុងភូមិក៏បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ ចាប់ឃាត់ខ្លួនជនបង្ក នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញកាប់ជនរងគ្រោះប្រាកមែន មូលហេតុដោយសារតែខឹងនឹងជនរងគ្រោះនិយាយដៀមដាមដាក់ខ្លួនខ្លាំងពេក ទើបទប់ចិត្តមិនបាន ក៏ទាញដាវដេញកាប់តែម្តង។
ជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕