Tuesday, July 22, 2025
Homeព័ត៌មានជាតិម៉ែមិនឲ្យលុយទិញកាតទូរស័ព្ទ ខ្លាចកូនជាប់លេង ភ្លេចមើលគោ ស្រាប់តែមានរឿងចឹងវិញ

ម៉ែមិនឲ្យលុយទិញកាតទូរស័ព្ទ ខ្លាចកូនជាប់លេង ភ្លេចមើលគោ ស្រាប់តែមានរឿងចឹងវិញ

ខេត្តមណ្ឌលគិរី ៖ យុវជនចិត្តខ្លាំងគំនិតខ្លី ដែលចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តរឿងសុំលុយម្តាយទិញកាតទូរស័ព្ទ បញ្ចូលលុយទុកឆាតឆ្លើយឆ្លងជាមួយ ស្រីស្នេហ៍អត់បាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចទឹកច្រប់ក្បាលអូរឆាង ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។ ជនរងគ្រោះមានឈ្មោះចន ច័ន្ទ អាយុ១៧ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីឪពុកម្តាយរបស់យុវជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ កូនប្រុសរបស់គាតបានលេងទូរស័ព្ទរបស់ខ្លួនរហូតដល់អស់លុយ លុះគ្មានលុយទៅទិញកាតបញ្ចូលទូរស័ព្ទ ក៏មកសុំលុយពីម្តាយ តែម្តាយមិនឱ្យ និងថែមទាំងបានស្តីបន្ទោសឱ្យកូនថា កុំឱ្យលេងទូរស័ព្ទច្រើនពេកនាំឱ្យបាត់គោ ណាមួយខ្លាចខូចខ្លួន ឆាប់ដេកទៅ។ ពេលនោះ ជនរងគ្រោះមិនបានតបតអ្វីទេ រួចក៏បានចូលទៅសម្ងំដេកបាត់ទៅ។ លុះដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះក៏ក្រោកពីដំណេក ដឹកគោចេញទៅឃ្វាល ដោយមិនបានយកទូរស័ព្ទរបស់ខ្លួន ទៅជាមួយដូចរាល់ដងនោះទេ។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃដដែល ស្រាប់តែមានអ្នកភូមិបានរត់មកប្រាប់ឪពុកម្តាយយុវជនរងគ្រោះ ថា បានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅចំណុចទឹកច្រប់ក្បាលអូរឆាង បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់នាំ គ្នាទៅមើល លុះទៅដល់ឃើញជនរងគ្រោះចងកស្លាប់មែន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ប្រាកដមែន។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES