ភ្នំពេញ ៖ ក្រុមគ្រួសារមួយកំពុងរវល់រៀបចំមង្គលការកូនស្រី មានភ្ញៀវចូលរួមអ៊ូអរពេញផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ ឆ្លៀតឱកាសម្ចាស់ផ្ទះកំពុងរវល់ជាប់ដៃ ក៏បន្លំខ្លួនចូលទៅក្នុងផ្ទះ រើកកាយលួចយកគ្រឿងអលង្ការបានមួយចំនួនធំ តែត្រូវម្ចាស់ផ្ទះតាមទាន់ ក៏ចាប់ក្របួចជាប់ នាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីជនសង្ស័យបន្លំខ្លួនចូលលួចគ្រឿងអលង្ការនៅក្នុងផ្ទះមានពិធីមង្គលការនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរៀបពិធីមង្គលការមួយកន្លែង ស្ថិតនៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យដែលបន្លំខ្លួនចូលលួចគ្រឿងអលង្ការ និងត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ មានឈ្មោះឈឿន វាសនា ហៅស្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមិតហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចផ្ទះជនរងគ្រោះខាងលើ មានរៀបចំពិធីមង្គលការ ដោយមានសាច់ញាតិនិងភ្ញៀវចូលរួមអ៊ូអរពេញផ្ទះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យបានបន្លំខ្លួនូចូលទៅក្នុងពិធីដែរ ធ្វើដូចូជាភ្ញៀវដែលមកចូលរួមពិធីមង្គលការអ៊ីចឹង លុះស្របពេលដែលម្ចាស់ផ្ទះ កំពុងរវល់ជាប់ដៃរៀងៗខ្លួន ស្រាប់តែជនសង្ស័យបានលបចូលទៅក្នុងបន្ទប់ក្នុងផ្ទះ និងបានរើកកាយប្រមូលយកគ្រឿងអលង្ការបានមួយចំនួនធំ បម្រុងនឹងគេចខ្លួនចេញមកក្រៅទៅហើយ គាប់ជួន ក៏ត្រូវបានម្ចាស់ផ្ទះតាមទាន់ សួរនាំដឹងរឿងថា ជាជនក្លែងបន្លំជាភ្ញៀវចូលមកលួចទ្រព្យសម្បត្តិ ក៏ស្រែកឆោឡោ ចាប់ក្របួចជនសង្ស័យជាប់ រួចក៏ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នាំយកទៅចាត់ការតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន គ្រឿងអលង្ការចិញ្ចៀនមាស១វង់ ទម្ងន់១ជី, ចិញ្ចៀនប្លាទីន១វង់ ទម្ងន់៣ជី, ចិញ្ចៀនប្រាក់ដាំត្បូងពណ៌ស្វាយ ១វង់, ខ្សែកប្លាទីន១ខ្សែ ទម្ងន់២ជី,ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី, ក្រវិលប្លាទីន ២គូ ទម្ងន់១ជី, បណ្តោងដាំត្បូងពណ៌ស្វាយ ចំនួន៧, បណ្តោងរូបព្រះ១ សរុបតម្លៃប្រហែល២៥០០ដុល្លារ និងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំដោយមានការឯកភាពពីលោករៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ច បានបន្ថែមថា បន្ទាប់ពីនាំជនសង្ស័យទៅធ្វើតេស្តិ៍ទឹកនោម ឃើញថាលទ្ធផលមានភាពវិជ្ជមាន (មានសារធាតុញៀន)។

ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕