ភ្នំពេញ ៖ ទីតាំងហាងម៉ាស្សាមួយកន្លែង ដែលដាក់ស្លាកយីហោម៉ាស្សាតាមបែបបុរាណ ប៉ុន្តែធាតុពិត បានលួចលាក់បង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋាន ចុះប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធ នារីរងគ្រោះចំនួន៤នាក់ ព្រមទាំងភេទទី៣ម្នាក់ ជាមើលកូនឱ្យម្ចាស់ទីតាំង។

ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កសេវាផ្លូវភេទនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ១៣៨អ ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

ម្ចាស់ទីតាំងទាំង២នាក់ប្តីប្រពន្ធ រួមមាន បុរសជាប្តីឈ្មោះផាន ផេង អាយុ៣១ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះអុល សុខុន អាយុ២៨ឆ្នាំ។ ទាំង២នាក់ប្តីប្រពន្ធស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ ១៣៨អ ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ ពេជ្រ បុរាណខ្មែរ ចាប់ផ្តើមបើកបម្រើសេវាចាប់ពីម៉ោង៨ព្រឹក រហូតដល់យប់ជ្រៅរំលងអធ្រាត្រ ដោយមាននារីក្មេងចាស់ ចំនួន៤នាក់រង់ចាំភ្ញៀវ មកម៉ាស្សាធម្មតា តម្លៃ៣ដុល្លារ រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី២០ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះរួមមាន នារីរងគ្រោះចំនួន៤នាក់ (អនីតិជនម្នាក់) ម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធ និងភេទទី៣ម្នាក់ មើលកូនម្ចាស់ទីតាំង បាននាំខ្លួនយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ។

ក្រោយបញ្ជប់ការសាកសួរ ម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធ ត្រូវបាននគរបាលឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកជនភេទទី៣ ដែលមិនមានការពាក់ព័ន្ធ ត្រូវសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យាឱ្យទៅផ្ទះវិញ រីឯនារីរងគ្រោះទាំង៤នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕



