ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងក្លឹបកម្សាន្តរ៉ុក ចំនួន១៧នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវបញ្ជូនខ្លួនមកកាន់តុលាការនេះ សមត្ថកិច្ចបានរកឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
ក្រុមជនសង្ស័យទាំងនេះ ពាក់ព័ន្ធការជួញដូរគ្រឿងញៀននៅខារ៉ាអូខេក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ។

គួរបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ឆ្មក់បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុបជាង៣០០នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនប្រភេទ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក (Rock) នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កណ្តាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា មនុស្សដែលត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នសរុប មានចំនួន៣១២នាក់ ដែលជាបុគ្គលិក និងអ្នកពាក់ព័ន្ធនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងខណ្ឌចំការមន។

បន្ទាប់ពីពិនិត្យនិងធ្វើតេស្តទៅលើយុវជនយុវនារី ជាង៣០០នាក់ ដែលត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលរ៉ុក ជាលទ្ធផល ភាគច្រើនគឺមានផ្ទុកសារធាតុញៀនក្នុងខ្លួន ហើយដកហូតថ្នាំញៀនចំនួន៥០គីឡូក្រាម៕