ភ្នំពេញ ៖ ករណីប្រុសព្រានរំលោភស្រីរំលោភរហូតដល់បានសម្រេចលើគំនរសំរាមនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចទីលានចាក់សំរាម ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ លុះនារីរងគ្រោះសម្រេចទម្លាយរឿងប្រាប់ឪពុក ដាក់ពាក្យបណ្តឹងចាប់ខ្លួនជនល្មោភកាមនាំយកទៅចាត់ការតាមច្បាប់ សមត្ថកិច្ចក៏ចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចរោងស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅក្បែរទីលានចាក់សំរាម។

ជនសង្ស័យល្មោភកាម មានឈ្មោះលន់ ស៊ីណា អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅលើទីលាន ចាក់សំរាមនៅក្នុងភូមិសង្កាត់ខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះផ.ច អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅលើទីលានចាក់សំរាមទីតាំងកើតហេតុខាងលើជាមួយគ្នា។
តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាងបានដើររើសសំរាមនៅលើទីលានចាក់សំរាម ស្រាប់តែលេចមុខជនសង្ស័យឈ្មោះលន់ ស៊ីណា បានដើរមកពីក្រោយនាង រួចចាប់នាងផ្តួលទៅលើគំនរសំរាម ហើយបានទាញភ្លើងពិលចេញពីក្បាលរបស់នាង បន្ទាប់មកក៏ចាប់ សម្រាតខោអាវរបស់នាងចេញអស់ ហើយក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាង ទាំងកំរោលរហូតដល់បានសម្រេចតែម្តង។ ជនសង្ស័យថែមទាំងបានគំរាមសម្លាប់នាងចោលទៀត ហើយជនសង្ស័យក៏បានដើរចេញទៅបាត់ ចំណែកនាងក៏បានដើរត្រឡប់ចូលទៅដេកនៅក្នុងរោងស្នាក់នៅ ទាំងការឈឺចាប់ទាំងផ្លូវចិត្ត និងផ្លូវកាយ។

នារីរងគ្រោះ បន្តថា លុះដេកគិតពេញ១យប់ មកដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នាងសម្រេចចិត្តទម្លាយរឿងរ៉ាវទាំងអស់ប្រាប់ឪពុកម្តាយ។ លុះស្តាប់ឮបែបនេះ ឪពុកម្តាយក៏នាំនាងទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលដង្កោ ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចរោងស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅក្បែរទីលានចាក់សំរាម រួចក៏នាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះនៅលើគំនរសំរាម រហូតដល់បានសម្រេចប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចក៏បានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕