Thursday, July 24, 2025
Homeព័ត៌មានជាតិអាស្ទាវដាក់មួយប្រាវ អ្នកដំណើរភ័យឆោឡោ ព្រលឹងចុងសក់គ្រប់គ្នា

អាស្ទាវដាក់មួយប្រាវ អ្នកដំណើរភ័យឆោឡោ ព្រលឹងចុងសក់គ្រប់គ្នា

ខេត្តព្រះសីហនុ ៖ យុវជនឈាមរាវម្នាក់ បានបើករថយន្តដឹកទំនិញធុនធំ១គ្រឿង ក្នុងល្បឿនលឿនដូចហោះ លុះរថយន្តបែកកង់ ធ្វើឱ្យទប់ចង្កូតមិនជាប់ ក៏ជ្រុលទៅបុករះរថយន្តចំនួន៤គ្រឿង បន្ទាប់មកក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋនៅក្បែរដងផ្លូវទៀត ទើបអស់ល្បឿនទៅមុខលែងរួច និងធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនៅលើដងផ្លូវ ភ័យឆោឡោ ព្រលឹងចុងសក់គ្រប់គ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយតៃកុងស្ទាវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខកំពង់ផែក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយ រថយន្តដឹកទំនិញ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-5731 បើកបរដោយឈ្មោះសៀម ប៊ុនសៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានលំនៅក្នុងភូមិចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរក្នុងទិសដៅចូលក្រុងព្រះសីហនុ លុះធ្វើដំណើរមកដល់ចំណុចខាងលើ រថយន្តបានបែកកង់ ទើបធ្វើឱ្យជ្រុលចង្កូតមកខាងឆ្វេងដៃបុករះរថយន្តចំនួន៤គ្រឿង ដែលឈប់ចតនៅជាយផ្លូវ រថយន្តទាំង៤គ្រឿងនោះ រួមមាន ទី១-រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-6115 ទី២-រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានពាក់ស្លាកលេខ ម្ចាស់តែមួយ។ ទី៣-រថយន្តម៉ាកធុនត្រា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AV-8247។ និងទី៤-រថយន្តសណ្តោងកុងតឺន័រ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3E-6481។ បន្ទាប់មក រថយន្តបង្កថែមទាំងជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋដែលនៅក្បែរផ្លូវ១ខ្នងទៀត ទើបអស់ល្បឿនទៅមុខលែងរួច។

ក្រោយកើតហេតុ យុវជនវ័យក្មេងដែលជាអ្នកបើកបររថយន្តបង្កហេតុ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួន នាំយកទៅសាកសួរ និង ដោះស្រាយតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងេលើនេះ ដើមហេតុ បណ្តាលមកពីរថយន្តដឹកទំនិញបង្កហេតុនេះបែកកង់ ក៏រេចង្កូតបុករះប៉ះទៅលើរថយន្តផ្សេងទៀត និងបុកចូលទៅដល់មុខផ្ទះប្រជាពលរដ្ឋនៅជាប់ផ្លូវតែម្តង។ ប៉ុន្តែក្រៅពីធ្វើឱ្យរថយន្ត៥គ្រឿង រួមនឹងផ្ទះប្រជាពលរដ្ឋម្នាក់រងការខូចខាត មិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ បន្ទាប់ពីចុះធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ចជំនាញបានធ្វើការអូសយករថយន្តទាំង៥គ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES