ខេត្តកំពង់ស្ពឺ ៖ បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន ខណៈពេលដែលប្រពន្ធចុះពីលើផ្ទះទៅងូតទឹក បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង។

ជនរេគ្រោះមានឈ្មោះគ្រីប ចំរើន អាយុ៤៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ឆុំ សម្បត្តិ អាយុ៤១ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានប្រាប់ថា នៅមុនពេលកើតហេតុ គាត់ជាប្រពន្ធ បានចុះទៅងូតទឹកនៅខាងក្រោយផ្ទះ ស្រាប់តែពេលងូតទឹករួច ឡើងមកលើផ្ទះវិញ ក៏ប្រទះឃើញប្តីរបស់គាត់ យកក្រមាពណ៌ក្រហមលាយស ចងកជាប់នឹងធ្នឹមផ្ទះ កម្ពស់២,៥០ម៉ែត្រ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យគាត់ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យមកជួយស្រាយចំណងដាក់ប្តីចុះដែរ តែប្តីរបស់គាត់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុ ដោយសារតែជនរងគ្រោះតូចចិត្តនឹងជំងឺប្រចាំកាយ ព្យាបាលមិនជា។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕