ខេត្តព្រះសីហនុ ៖ រថយន្ត១គ្រឿង បើកក្នុងល្បឿនលឿនទាំងពាក់កណ្តាល លុះអ្នកបើកបរងងុយដេក មិនព្រមឈប់រកកន្លែងសម្រាកបន្តិចសិន បែរជាប្រឹងបើកទាំងងោកងុយ ក៏ធ្វើឱ្យរថយន្តរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកតូបលក់ចាប់ហួយមួយកន្លែង បន្ទាប់មកក៏ក្រឡាប់ទាំងកំរោល ធ្វើឱ្យមនុស្សក្នុងរថយន្តសរុប៤នាក់ ទទួលរងរបួស ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ កំពត 2B-5007 បើកបរដោយឈ្មោះឆឹង ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត និងមានអ្នករួមដំណើរ៣នាក់ បានបើកបបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងជាអ្នកបើកបរងោកមួយភាំង ទើបធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវមកខាងស្តាំ ជ្រុលទៅបុកតូបលក់ឥវ៉ាន់របស់ប្រជាពលរដ្ឋ បណ្តាលឱ្យរថយន្តក្រឡាប់តែម្តង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យមនុស្ស៤នាក់រងរបួស ក្នុងនោះរួមមានទី១-ឈ្មោះឆឹង ពៅ ភេទប្រុស ជាអ្នកបើករថយន្ត (រងបួសស្រាល) ទី២-ឈ្មោះជួន រៀន ភេទប្រុស អ្នករួមដំណើរ (របួសស្រាល) ទី៣-ឈ្មោះគិត ភក្តី ភេទប្រុស អ្នករួមដំណើរ (របួសស្រាល) និងទី៤-ឈ្មោះរដ្ឋ វីរៈ ភេទប្រុស អ្នករួមដំណើរ (របួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងជួយចាត់បញ្ជូនជនរងគ្រោះទៅព្យាបាលពេទ្យឯកជន ឃុំបិតត្រាំង។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃន់ប ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

