Friday, July 25, 2025
Homeព័ត៌មានជាតិជុំគ្នាតែម្តង សុទ្ធតែស្រីៗ ក្រពុំឈូកក្រុងទុកសម្រាប់ភ្ញៀវប្រុសៗ

ជុំគ្នាតែម្តង សុទ្ធតែស្រីៗ ក្រពុំឈូកក្រុងទុកសម្រាប់ភ្ញៀវប្រុសៗ

ខេត្តកណ្តាល ៖ ជនសង្ស័យជាមេខ្លោងជួញដូរនារីៗវ័យក្មេងទៅបម្រើតណ្ហាប្រុសៗ ដ៏ល្បីឈ្មោះរាប់ឆ្នាំមកហើយ និងធ្លាប់តែឮគេហៅតៗគ្នាថា ឈ្មោះក្រពុំឈូក ពេលនេះអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះជាប់ ខណៈដែលជនសង្ស័យរូបនេះ កំពុងរៀបចំជួញដូរនារីវ័យក្មេង ចំនួន៦នាក់។

ប្រតិបត្តិការណ៍ដ៏ក្តៅគគុក ឃាត់ខ្លួនមេខ្លោងជួញដូរស្រីខាងលើនេះ បានធ្វើឱ្យមហាជនត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបករណីសញ្ចារកម្មសង្គ្រោះនារីវ័យក្មេង៦នាក់ និងឃាត់ខ្លួនមេការម្នាក់ ដែលងល្បីរន្ទឺខាងរកស៊ីជួញដូរមនុស្សយូរឆ្នាំណាស់មកហើយ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់យីហោ សុខ វិសាល តាមផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យជាមេខ្លោងជួញដូរស្រីល្បីឈ្មោះ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច ចាន់ ហៅក្រពុំឈូក ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅផ្ទះជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមានស្រុកកំណើតនៅភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកនារីរងគ្រោះទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចរំដោះបាន រួមមាន ទី១-ឈ្មោះលី ហួ អនីតិជន ទី២-ឈ្មោះម៉ៅ រក្សា ទី៣-ឈ្មោះសៀង គា ទី៤-ឈ្មោះធី ចាន់លីណា ទី៥-ឈ្មោះមុន លក្ខិណា និងទី៦-ឈ្មោះពេជ្រ រតនា។

តាមប្រភពពីមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមេការម្នាក់ (ក្រពុំឈូក) បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បម្រុងនាំយកទៅបម្រើតណ្ហាប្រុសៗ។ ភ្លាមនោះ លោករស់ សាវិន ប្រធានការិយាល័យការជួញដូរមនុស្ស សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះធ្វើការឆែកឆេរ ស្រាប់តែឃើញមនុស្សប្រុសស្រីជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៍មកពិតមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញខេត្ត ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការិយាជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភពីអង្គការមេត្រីអន្តរជាតិ៕

RELATED ARTICLES