ខេត្តស្វាយរៀង ៖ ស្ត្រីជាកម្មករសំណង់ម្នាក់ កំពុងដេកនៅក្នុងបន្ទប់ការដ្ឋានសំណង់សុខៗ ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ ចូលីទៅធ្វើសកម្មភាពចាប់ថើបញក់ញី លូកស្ទាបច្របាច់សព្វរាងកាយ ប៉ុនប៉ងរំលោភសេពសន្ថវៈទាំងកំរោល ប៉ុន្តែត្រូវបាន ស្ត្រីរងគ្រោះស្រែកឆោឡោ ផ្អើលដល់អ្នកស្នាក់នៅជិតខាងជួយអន្តរាគមន៍ ចាប់ក្របួចយកទៅប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ជនសង្ស័យល្មោភកាម មានឈ្មោះទ្រឿង យ៉ាំងប៊ែរ អាយុ៥៩ឆ្នាំ ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ ព៧៤៥៥៣៦៤ មានលំនៅក្នុងភូមិបាមី ឃុំតាំងង៉ាយ ស្រុកកូវង៉ា ខេត្តត្រាវិញ ប្រទេសវៀតណាម។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ប. យ អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ស្នាក់ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះទ្រឿង យ៉ាំងប៊ែរ បានលបចូលមកក្នុងបន្ទប់របស់នាង រួចក៏ធ្វើសកម្មភាពស្ទុះចូលទៅចាប់ឱបថើប លូកស្ទាបច្របាច់ និងបម្រុងនឹងចាប់រំលោភស្ត្រីរងគ្រោះទាំងកំរោលទៀតផង តែភ្លាមនោះ ស្ត្រីរងគ្រោះបានភ្ញាក់ដឹងខ្លួនទាន់ពេល ក៏ស្រែកឆោឡោ ឡើងផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា ចេញមកជួយអន្តរាគមន៍ និងព័ទ្ធចាប់ជនសង្ស័យល្មោភកាមជាប់ រួចក៏ប្រគល់ទៅឱ្យសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត៕