ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលនាងកំពុងបើកម៉ូតូ១គ្រឿង ម្នាក់ឯង ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ជិះស្របគ្នាទៅដល់ទាក់ដៃចង្កូត បណ្តាលឱ្យគាត់ដួលខ្ទាតចូលក្រោមកង់រថយន្តលាយបេតុង ដែលកំពុងបើកបរស្របទិសគ្នា កិនបែកក្បាលធ្លាយខួរគួរឱ្យរន្ធត់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះសេង សុខសានូ អាយុ៣០ឆ្នាំ មានលំនៅផ្ទះលេខ៦០អាអឺ០ ផ្លូវ លេខ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានបើកម៉ូតូ១គ្រឿង ម៉ាកហុងដា PCX ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1GJ-8757 ក្នុងទិសដៅពីជើងទៅត្បូង ដោយមានពាក់មួកសុវត្ថិភាពត្រឹមត្រូវ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ZOOMER-X មិនចាំស្លាកលេខ បើកបរដោយយុវជនម្នាក់បោះពួយក្នុងល្បឿនលឿន ទិសដៅស្របគ្នាទៅដល់បានកៀរប៉ះដៃចង្កូតម៉ូតូគាត់ បណ្តាលឱ្យដួល។ ពេលនោះដែរ ស្រាប់តែមានរថយន្តលាយបេតុង ១គ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-9421 ដែលជារបស់ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីក បើកបរក្នុងទិសដៅស្របគ្នាកិន បណ្តាលឱ្យស្ត្រីរូបនេះបែកទាំងមួកសុវត្ថិភាព និងក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ រថយន្តបានឈប់នៅក្បែរនោះ ហើយអ្នកបើកបរបានចុះរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចនិងអ្នកភូមិ នាំគ្នាដេញតាមឃាត់ចាប់ខ្លួនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំប្រគល់ជូននគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ចំណែកសាកសពនារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



