ភ្នំពេញ ៖ ស្ត្រីម្នាក់ ទើបនឹងសម្រាលកូន ខ្ចីបាន១ខែ បានតាមទាន់ប្តីរបស់ខ្លួន ដែលកំពុងសម្ងំរួមស្នេហ៍ជាមួយនឹងស្រីថ្មីយ៉ាងត្រជាក់ល្ហឹម ដោយមិនគិតខ្វល់ខ្វាយពីសុខទុក្ខប្រពន្ធកូនទាល់តែសោះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធកើតទុក្ខ មិនសុខចិត្តស្រែកឡាំប៉ាឡូឡា ផ្អើលប្រជាពលរដ្ឋចោមរោមមើល និងទាមទារឱ្យប្តីផ្តិតមេដៃលែងលះគ្នាឱ្យដាច់ស្រេច ផ្តល់អាហារកិច្ចចិញ្ចឹមកូន និងបង់ផ្តាច់បំណុលធនាគារផង រួចចង់ទៅរួមរស់ជាមួយស្រីណាក៏តាមចិត្ត។

ហេតុការណ៍ស្ត្រីកូនខ្ចីដែលទើបនឹងសម្រាលកូនបាន១ខែ តាមទាន់ប្តីកំពុងមានស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៨៦z សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ស្ត្រីអភ័ព្វដែលទើបនឹងសម្រាលកូនខ្ចី បែរជាប្តីបែកគំនិតមានស្រីនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា នាងទើបនឹងសម្រាលបានកូនស្រីម្នាក់ អាយុទើប១ខែប៉ុណ្ណោះ។ ចំណែកបុរសជាប្តី ត្រូវស្ត្រីជាប្រពន្ធអះអាងថា មានឈ្មោះពេជ្រ ជ័យម៉ានុ ធ្វើការនៅតុលាការ ហើយក្រោយពេលកើតហេតុ ក៏បានឡើងបើករថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AY-7291 ចេញទៅបាត់។ ដោយឡែក ស្ត្រីម្នាក់ទៀតដែលត្រូវបានស្ត្រីជាប្រពន្ធដើម អះអាងថា ជាគូសហាយស្មន់ជាមួយប្តីរបស់ខ្លួន បានសម្ងំនៅក្នុងផ្ទះមិនចេញមកក្រៅឡើយ។

តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នាងនិងប្តីបានរៀបការនឹងគ្នា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ពោលគឺមានរយៈពេលជិត៣ឆ្នាំមកហើយ ដោយបានរៀបការត្រឹមត្រូវតាមប្រពៃណី មានចាស់ទុំសងខាងដឹងឮត្រឹមត្រូវ គ្រាន់តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាមួយគ្នានោះទេ ហើយរហូតមកដល់ពេលនេះ ពួកនាងមានកូនស្រីម្នាក់អាយុទើប១ខែ ជាចំណងដៃអាពាហ៍ពិពាហ៍។

ស្ត្រីរងគ្រោះ បន្តថា តាំងពីរៀបការរួច នាងដឹងថា ប្តីនេះមានគំនិតមិនល្អលួចលាក់មានស្រីជាបន្តបន្ទាប់ ប៉ុន្តែនាងក៏មិនបានតាមចាប់ទោសអូសដំណើរប្តីអ្វីទេ ព្រោះតែយល់ថា មនុស្សប្រុសខិលខូច គឺជារឿងធម្មតាទៅហើយ សំខាន់ឱ្យតែកុំបោះបង់ក្រុមគ្រួសារខ្លួនឯង។ ស្រាប់តែមកដល់អំឡុងពេលដែលនាងចាប់ផ្តើមមានផ្ទៃពោះ១ខែ នាងក៏ចាប់អារម្មណ៍ឃើញថា ប្តីរបស់នាងប្លែកខ្លាំងណាស់ ធ្វើការបាត់ៗលែងចូលផ្ទះ ក្នុងមួយអាទិត្យដេកផ្ទះ យ៉ាងច្រើន២ថ្ងៃ ក្រៅពីនោះ មិនដឹងជាទៅសម្ងំដេកជាមួយស្រីណានៅឯណានោះទេ។ ហើយអ្វីដែលធ្វើឱ្យនាងឈឺចាប់ខ្លាំងនោះ គឺពេលប្តីត្រឡប់មកផ្ទះវិញ បែរជាមានស្នាមធ្មេញស្រីខាំជាំពេញខ្លួន។ យ៉ាងណា នាងក៏សុខចិត្តទ្រាំដេកបៀមទុក្ខតែម្នាក់ឯង ដោយសង្ឃឹមថា នៅពេលកូនកើតមកហើយ ប្តីបានឃើញមុខកូន នឹងអាចប្រែប្រួលចិត្ត ផ្លាស់ប្តូរចរិត មកស្រលាញ់ផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូនវិញ ដឹងអី ដូចសង្ឃឹមផ្កាយលើមេឃ ពោលគឺពីមួយថ្ងៃទៅមួយថ្ងៃ ប្តីកាន់តែធ្វើឱ្យនាងឆ្អែតចិត្តខ្លាំងណាស់។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា អ្វីដែលនាងឆ្អែតចិត្តបំផុតនោះ គឺនៅថ្ងៃដែលនាងវះកាត់សម្រាល ប្តីនាងមានមុខមកពេទ្យ តែពេលដែលគ្រូពេទ្យត្រូវការស្នាមមេដៃប្តី ដើម្បីឱ្យប្រពន្ធចូលធ្វើការវះកាត់ប៉ុណ្ណោះ លុះគ្រាន់តែនាងវះកាត់រួចភ្លាម សូម្បីតែមុខកូនក៏ប្តីនេះមិនមើលផង បែរជាចេញទៅសម្ងំដេកឱបស្រីបាត់ ទុកឱ្យនាងដេកយំទាំងសរសៃខ្ចី ទើបនឹងវះកាត់សម្រាលឈាមទាំងថ្លុកតែម្នាក់ឯង និងបានម្តាយបង្កើត ម្តាយក្មេក ព្រមទាំងបងប្អូនជួយមើលថែដេកកំដរប៉ុណ្ណោះ។

ស្ត្រីរងគ្រោះ បានបន្ថែមថា ដោយសារតែដឹងច្បាស់ថា ប្តីនេះគ្មានថ្ងៃផ្លាស់ប្តូរចរិតខិលខូចនោះឡើយ ទើបនាងបានទាមទារឱ្យប្តីផ្តិតមេដៃ លែងលះគ្នាឱ្យដាច់ស្រេចទៅ ប៉ុន្តែប្តីបដិសេធមិនព្រមលែងលះជាមួយនាងដាច់ខាត ដោយចេះតែទុកឱ្យនាងដេកកើតទុក្ខ រីងរៃរាល់ថ្ងៃ ចំណែកប្តីវិញ ទៅជួលផ្ទះឱ្យស្រីដេក១ ខែ២៥០ដុល្លារ ទិញឡានឱ្យស្រីជិះ។ ចំណែកប្រពន្ធជិះត្រឹមម៉ូតូធូដេកញ្ចាស់ សួរថាតើស្រីណាទ្រាំបាន?។ លុះមកដល់ថ្ងៃកើតហេតុ ដោយតាមដានដឹងថា ប្តីកំពុងសម្ងំដេកឱបស្រីនៅក្នុងផ្ទះជួលខាងលើ ទើបនាងឱ្យបងប្អូនជូនមកតាមសួរនាំឱ្យបានច្បាស់លាស់ ទើបកើតជាការឈ្លោះប្រកែកគ្នាបែកផ្សែងបែបនេះតែម្តង។

ស្ត្រីជាប្រពន្ធរូបនេះ បានបញ្ជាក់ជំហររបស់នាងជាចុងក្រោយថា អ្វីដេលនាងចង់បាននៅពេលនេះ គឺគ្រាន់តែចង់ឱ្យប្តីព្រមផ្តិតមេដៃលែងលះជាមួយនាងឱ្យដាច់ស្រេចប៉ុណ្ណោះ និងផ្តល់អាហារកិច្ចចិញ្ចឹមកូន ព្រមទាំងបង់ផ្តាច់បំណុលធនាគារ ដែលត្រូវបង់ក្នុង១ខែ ១៥០ដុល្លារ ហើយថ្ងៃក្រោយប្តីចង់ទៅណាមានស្រីថ្មីឯណា រួមរស់សោយសុខជាមួយស្រីណា ក៏តាមចិត្ត ព្រោះនាងអស់ចិត្តពីប្តីនេះទៀតហើយ។

យ៉ាងណាក្តី បុរសជាប្តីមិនបាននិយាយស្តីអ្វីទាំងអស់ ដោយចេះតែទាមទារឱ្យប្រពន្ធរបស់ខ្លួនទៅដោះស្រាយគ្នានៅផ្ទះវិញ លុះក្រោយមក បុរសជាប្តីរូបនោះក៏បានឡើងបើករថយន្តចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។ រីឯស្ត្រីដែលត្រូវស្ត្រីជាប្រពន្ធអះអាងថា ជាស្រីរបស់ប្តី និងត្រូវប្តីជួលផ្ទះឱ្យនៅ ទិញឡានឱ្យជិះនោះ មិនបានចេញមកខាងក្រៅនោះទេ ពោលគឺបិទទ្វារចាក់សោ សម្ងំក្នុងផ្ទះស្ងៀមឈឹង៕