ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចចាត់ការករណីគ្រួសារនិយមលោកផ្កាយ៤ ធឹម សុផា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោកធឹម សុផា ដែលសណ្តោងបងប្អូនកូនក្មួយ ២២នាក់ មកនៅធ្វើការក្រោមនាយកដ្ឋានតែមួយ បន្ទាប់ពីមានលើកឡើងរបស់ប្រតិភូគណបក្សខ្មែរក្រោក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទៅសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់ថា “ក្រោយពីមានការចុះផ្សាយជាបន្តបន្ទាប់ តាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម អំពីភាពមិនប្រក្រតី ពាក់ព័ន្ធនឹងការចាត់តាំងក្រុមគ្រួសារសាច់ញាតិនាយឧត្តមសេនីយ៍ ធឹម សុផា ឱ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃ បានចាត់ឱ្យត្រួតពិនិត្យករណីនេះយ៉ាងល្អិតល្អន់ និងបានរកឃើញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិ ចំនួន១១នាក់ ដែលត្រូវបានចោទប្រកាន់ខាងលើ មាន៦នាក់ ជាប់សាច់ញាតិនាយឧត្តមសេនីយ៍ ធឹម សុផា ក្នុងនោះមាន៤នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យនេះ ក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចមន្ត្រី ២នាក់ ក្នុងចំណោម៤នាក់នោះ ឱ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង។ ដោយឡែក ចំពោះសាច់ញាតិជាមន្ត្រីនគរបាលជាតិ ២នាក់ ដែលបន្តបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិ ឬលក្ខន្តិកៈជាធរមាន”។
សូមជម្រាបថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបប្រជុំឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានជំរុញឱ្យក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យបញ្ហាបក្ខពួកនិយម នៅតាមអង្គភាពចំណុះរបស់ខ្លួន និងត្រូវជ្រើសរើសមន្ត្រីរាជការ ដោយផ្អែកលើស្នាដៃ និងសមត្ថភាពពិតប្រាកដ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្តេចមិនគាំទ្រទេ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជា យកបងប្អូន និងបក្ខពួកគ្រួសារនិយមរបស់ខ្លួន ចូលបម្រើការងារនៅក្នុងអង្គភាពណាមួយ ដែលធ្វើឱ្យបាត់បង់នូវជោគវាសនាស្មើៗគ្នារបស់យុវជនជំនាន់ក្រោយ ហើយការជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការងារ ត្រូវតែធ្វើតាមនីតិវិធីប្រកបដោយសម្លាភាព។
គួរបញ្ជាក់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានទម្លាយចេញនិងបកអាក្រាតនូវបញ្ហាគ្រួសារនិយមដ៏ធំមួយ នៅក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដែលលោកនាយឧត្តមសេនីយ៍ ធឹម សុផា បានសណ្តោងបងប្អូនកូនចៅមួយពូជ ចំនួន២២នាក់ មកចូលធ្វើការក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនេះ។

លោកសុខសុវណ្ណ វឌ្ឍនាសប៊ុង បានទម្លាយរឿងនេះ តាមទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ថា “លោកផ្កាយ៤ ធឹម សុផា សណ្តោងមួយពូជ ២២នាក់ មានកូនបង្កើត កូនប្រសា ក្មួយបង្កើត ក្មួយប្រសា ប្អូនថ្លៃសាច់ថ្លៃ និងចៅ សរុបមួយពូជ មកធ្វើការក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានក្រោមចំណុះ និងការិយាល័យក្រោមចំណុះ ដែលជាករណីគ្រួសារនិយម ក្នុងប្រព័ន្ធមន្ត្រីរាជកាទ្រង់ទ្រាយធំនៅកម្ពជា។
នេះជាតម្រុយចុងក្រោយ និងច្បាស់ការបំផុត ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពីគណបក្សខ្មែរក្រោក ទទួលបាន បន្ទាប់ពីស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក។

ប្រព័ន្ធគ្រួសារនិយមរបស់នាយឧត្តមសេនីយ៍ផ្កាយមាសបួន ធឹម សុផា មានរាយនាម ដូចខាងក្រោម ៖
១-លោកឧត្តមសេនីយ៍ទោ សុក្រឹត្យ ថនឥស្សរា អគ្គនាយករង ត្រូវជាកូនប្រសា និងជាប្តីរបស់លោកស្រីអនុសេនីយ៍ឯក ណយ ចរិយា ត្រូវជាកូនប្រសាលោកធឹម សុផា (២ឆ្នាំ ឡើងពីនាយរងការិយាល័យ ដល់អគ្គនាយករង និងពីស័ក្តិ៣ ដល់ផ្កាយ២ កំពុងធ្វើសំណើសុំផ្កាយ៣)។
២- លោកវរសេនីយ៍ត្រី ណយ សុភិរុណ អនុប្រធាននាយកដ្ឋានសវនកម្មទី១ ត្រូវជាកូនរបស់ធឹម សុផា មានវ័យ២១ឆ្នាំ រៀនអត់ចប់ទី១២ (២ឆ្នាំឡើងពីព្រឹន្ទបាល ដល់ស័ក្តិ៤ កំពុងស្នើសុំ៤កន្លះ និងផ្លោះពីនាយរងការិយាល័យ ទៅជាអនុប្រធាននាយកដ្ឋាន) ដោយមានគោលបំណងស្នើសុំឡើងតួនាទីជាអគ្គនាយករង នៅឆ្នាំ២០២០ មុនចូលនិវត្តន៍២០២០។
៣-លោកស្រីវរសេនីយ៍ទោ ណយ សុផារត្ន ត្រូវជាកូនរបស់លោកធឹម សុផា នាយរងការិយាល័យបុគ្គលិក (កំពុងស្នើសុំឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប) ពុំដែលមកធ្វើការ ប៉ុន្តែស័ក្តិ និងតួនាទីឡើងលឿនជាងអ្នកសកម្មការងារ។
៤-លោកវរសេនីយ៍ទោ ស វុត្ថា ត្រូវជាកូនប្រសាលោកធឹម សុផា (ប្តីរបស់ណយ សុផារត្ន) ជានាយរងការិយាល័យភ័ស្តុភារ និងគណនេយ្យ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានសវនកម្មទី១ (ចូលក្របខ័ណ្ឌឆ្នាំ២០១៧)។
៥-លោកស្រីអនុសេនីយ៍ឯក ណយ ចរិយា ត្រូវជាកូនរបស់លោកធឹម សុផា (ប្រពន្ធរបស់សុក្រឹត្យ ថនឥស្សរា) ជានាយរងការិយាល័យវិភាគព័ត៌មានសវនកម្ម ចូលក្របខ័ណ្ឌឆ្នាំ២០១៨ (១ឆ្នាំឡើងស័ក្តិ៣ដង)។

៦-លោកឧត្តមសេនីយ៍ទោ ណយ សុផានរិន្ទ ត្រូវជាកូនរបស់លោកធឹម សុផា អនុប្រធាននាយកដ្ឋាននៅអគ្គភ័ស្តុភារ កំពុងផ្ទេរមកជាអគ្គនាយករងសវនកម្មផ្ទៃក្នុង។
៧-លោកឧត្តមសេនីយ៍ទោ សាន ស៊ីណា ត្រូវជាប្អូនថ្លៃប្រធាននាយកដ្ឋានសវនកម្មទី១។
៨-លោកស វុទ្ធី ត្រូវជាដន្លងលោកធឹម សុផា (ឪពុករបស់ស វុត្ថា) ជាអនុប្រធាន នាយកដ្ឋានសវនកម្មទី២ កំពុងស្នើឡើងជាអគ្គនាយករង។
៩-លោកវរសេនីយ៍ត្រី គូ ប្រុស ត្រូវជាក្មួយប្រុសលោកធឹម សុផា កាន់នាយរងការិយាល័យសវនកម្មទី៣ ។
១០-លោកវរសេនីយ៍ត្រី ហាវ ហឿម ត្រូវជាក្មួយលោកធឹម សុផា កាន់តំណែងជានាយរងការិយាល័យសវនកម្មទី២។
១១-លោកវរសេនីយ៍ទោ អ៊ុង សាខន (ពូរបស់សុក្រឹត្យ ថនឥស្សារា) នាយរងការិយាល័យរដ្ឋបាល កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល។
១២-លោកស្រីឧត្តមសេនីយ៍ត្រី វ៉ាន់ សារីកា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប ត្រូវជាប្អូនថ្លៃលោកធឹម សុផា។

១៣-លោកវរសេនីយ៍ឯក ពឹង គីមហួរ ជំនួយការអគ្គនាយក ត្រូវជាប្អូនថ្លៃលោកធឹម សុផា (ពុំដែលមកធ្វើការ) កំពុងស្នើសុំដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី។
១៤-លោកឧត្តមសេនីយ៍ទោ ប៉ែន សុវណ្ណថាច អនុប្រធាននាយកដ្ឋានសវនកម្មទី១ ត្រូវជាក្មួយ កំពុងស្នើតែងតាំងជាអគ្គនាយករង។
១៥-លោកអនុសេនីយ៍ឯក ប៉ែន សុធា នាយរងការិយាល័យសវនកម្មទី២ ត្រូវជាចៅលោកធឹម សុផា (កូនប៉ែន សុវណ្ណថាច) ចូលក្របខ័ណ្ឌ២០១៨ មួយឆ្នាំឡើងស័ក្តិ៣ដង កំពុងរៀបស្នើតែងតាំងផ្លោះពីនាយរងការិយាល័យ ទៅជាអនុប្រធាននាយកដ្ឋានសវនកម្មទី១។
១៦-លោកអនុសេនីយ៍ឯក ឡាច រ៉ាស៊ី ត្រូវជាក្មួយលោកធឹម សុផា និងជាជំនួយការលោកឧត្តមសេនីយ៍ទោ សុក្រឹត្យ ថនឥស្សរា (កូនប្រសាអគ្គនាយក) ចូលក្របខ័ណ្ឌ២០១៨ មួយឆ្នាំឡើង៣ស័ក្តិ និងកំពុងស្នើដំឡើងឋានន្តរស័ក្តិវរសេនីយ៍ត្រី។
១៧-លោកអនុសេនីយ៍ឯក គូរ សារ៉ាត់ នាយរងការិយាល័យគណនេយ្យ និងភ័ស្តុភារ ត្រូវជាក្មួយលោកធឹម សុផា។

១៨-លោកវរសេនីយ៍ត្រី គូរ ធារ៉ា នាយរងការិយាល័យទំនាក់ទំនងគ្រប់គ្រងវិភាគព័ត៌មានសវនកម្ម ត្រូវជាក្មួយលោកធឹម សុផា (បងគូ សារ៉ាត់ និងគូ ប្រុស)។
១៩-លោកអនុសេនីយ៍ឯក ចន្ថា ភក្ត្រា នាយរងការិយាល័យរដ្ឋបាលសរុប ត្រូវជាក្មួយ លោកធឹម សុផា។
២០-លោកឧត្តមសេនីយ៍ត្រី អឿង ណារ៉ុង អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប ត្រូវជាប្អូនជីដូនមួយលោកនាយឧត្តមសេនីយ៍ធឹម សុផា (២ឆ្នាំ ឡើងពីស័ក្តិ៣ ដល់ផ្កាយ១) កំពុងស្នើឡើងផ្កាយ២។
២១-លោកអនុសេនីយ៍ឯក កែវ មុនីរាជ នាយរងការិយាល័យសវនកម្មទី២ ត្រូវជាក្មួយលោកធឹម សុផា (ពុំដែលមកធ្វើការ)។
២២-លោកវរសេនីយ៍ឯក ចាន់ សុភី ជំនួយការអគ្គនាយក ត្រូវជាប្អូនជីដូនមួយលោកធឹម សុផា។
ករណីគ្រួសារនិយមនេះ ជាករណីដែល ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពីគណបក្សខ្មែរក្រោក ដែលកំពុង តាមដានយ៉ាងស្វិតស្វាញ ទាំងតម្រុយ ទាំងមូលដ្ឋានគតិយុត្តិផ្លូវច្បាប់ និងកំពុងរៀបចំរបាយការណ៍ ដើម្បីយកជជែកដេញដោលជាមួយ សម្តេចក្រឡាហោម ស ខេង ស្តីពីបរិបទពូជនិយមនេះ។

ការទប់ស្កាត់ប្រព័ន្ធគ្រួសារនិយមក្នុងតួនាទី មន្ត្រីបច្ចេកទេស ជាការផ្តល់ឱកាសដល់ពលរដ្ឋទូទៅមានក្តីសង្ឃឹម ដើម្បីយកសមត្ថភាពខ្លួនប្រលងចូលស្ថាប័នរដ្ឋ៕ កុលបុត្រ