ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ កំពុងដើររាវខ្យងនៅក្រោមស្ពានសុខៗ ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្ស ដែលគេសង្ស័យស្លាប់ច្រើនឆ្នាំមកហើយ ជាហេតុធ្វើឱ្យក្មេងស្រីរូបនោះ ភ័យលស់ព្រលឹង រត់ទៅប្រាប់ក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល។

លោកសុខ សារិន អធិការស្រុកបវេលបានឱ្យដឹងថា គ្រោងឆ្អឹងមនុស្សនោះ ត្រូវបានក្មេងស្រីម្នាក់ឈ្មោះឡុង គឹមឡាយ អាយុ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ប្រទះឃើញ ខណៈនាងចុះរាវខ្ចៅខ្យងនៅចំនុចខាងក្រោមស្ពាននោះ ហើយក៏បានរាយការណ៍ប្រាប់អ្នកភូមិ និងអាជ្ញាធរ តែម្តង។

លោកអធិការ បន្តថា គ្រោងឆ្អឹងនោះទំនងស្លាប់យូរមកហើយ និងអាចត្រូវគេយកពីកន្លែងផ្សេង មកបោះចោលនៅទីនោះ ព្រោះមានសភាពរប៉ាត់រប៉ាយនៅក្នុងទឹកផង នៅលើគោកផង តែមន្ត្រីនគរបាលការិយាល័យបច្ចេកទេសកំពុងពិនិត្យហើយ។

តាមសម្តីក្មេងស្រីឈ្មោះឡុង គឹមឡាយ ដែលជាអ្នកប្រទះឃើញគ្រោងឆ្អឹងខ្មោចនោះ បានប្រាប់សមត្ថកិច្ចថា នាងបានប្រទះឃើញឆ្អឹងខ្មោចនោះ ពេលនាងចុះរាវខ្យងក្នុងទឹកក្រោមស្ពាន។ នាងនិយាយថា ឆ្អឹងខ្លះនាងរាវប៉ះនៅក្នុងទឹក រីឯឆ្អឹងខ្លះទៀត មាននៅរាយប៉ាយនៅលើគោក ក្រោមស្ពាន ហើយនាងក៏បានរាយការណ៍ប្រាប់អ្នកភូមិតែម្តងទៅ។

ជាមួយគ្នានេះ មន្ត្រីការិយាល័យនគរបាលបច្ចេកទេស ដែលចុះពិនិត្យគ្រោងឆ្អឹងនេះ បានធ្វើកាសន្និដ្ឋានជាបឋមថា គ្រោងឆ្អឹងនេះមានតែផ្នែកខ្លះៗប៉ុណ្ណោះ។ ឆ្នឹងសាកសពនេះអាចស្លាប់ច្រើនឆ្នាំហើយ ដែលទំនងត្រូវគេប្រទះឃើញនៅកន្លែងផ្សេង ហើយច្រកយកមកបោះចោលក្នុងទឹកបឹងក្រោមស្ពាននេះ។ សមត្ថកិច្ចបាននិយាយថា គ្មាននរណាបានដឹងពីប្រវត្តិឆ្អឹងសាកសពមនុស្សនេះទេ។

ទោះជាយ៉ាងណា ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យ លើបំណែកឆ្អឹងនោះ សមត្ថកិច្ចបានប្រមូលបំណែកឆ្អឹងទាំងនោះ យកទៅកប់ទុកនៅក្នុងវត្តអំពិលប្រាំដើម ស្ថិតក្នុងភូមិ-ឃុំខាងលើ ក្រែងមានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕
