ខេត្តពោធិ៍សាត់ ៖ ក្មេងស្ទាវឈាមរាវចំនួន២នាក់ បានជិះម៉ូតូប្រដេញកាប់យុវជន២នាក់ទាំងកំរោល តែត្រូវយុវជនរងគ្រោះរត់គេចទាន់ ដោយទុកម៉ូតូចោល ទើបធ្វើឱ្យក្រុមក្មេងទំនើងផ្ទុះកំហឹង កាប់មនុស្សមិនបាន ក៏កាប់ម៉ូតូជនរងគ្រោះជំនួសវិញ ធ្វើឱ្យរងការខូចខាតយ៉ាងដំណំ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបានម្នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាមួយ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចសួនផ្កា ចំប៉ាមាត់ស្ទឹងពោធិ៍សាត់ ខាងមុខធនាគារជាតិខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវជាតិលេខ១០១ កណ្តាលក្រុងពោធិ៍សាត់។
ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខួយ ប៊ុនឈិន អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវចូលតាមខាងលិចមន្ទីររៀបចំ ដែនដីភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ចំណែកជនរងគ្រោះទាំង២នាក់ ដែលត្រូវក្មេងទំនើងដេញកាប់ រួមមាន ទី៛១-ឈ្មោះធីម លក្ខណា និងទី២-ឈ្មោះនី សុធារិទ្ធ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវខាងលើនេះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ជាមួយជនពុំស្គាល់ឈ្មោះ បានដេញកាប់ឈ្មោះធីម លក្ខណា និងនី សុធារិទ្ធ ប៉ុន្តែជនរងគ្រោះបានរត់រួច នៅសល់តែម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-8605 ទើបក្មេងទំនើងជាជនបង្កទាំង២នាក់ បានកាប់ជាច្រើន ដាវទៅលើក្បាលម៉ូតូ បណ្តាលដោយខូចក្បាលម៉ូតូ។

ខណនោះដែរ កម្លាំងនគរបាលក្រុង បានចុះទៅធ្វើអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យនាំមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយទៅតាមនីតិវិធី៕