Friday, July 25, 2025
Homeព័ត៌មានជាតិធ្លាយមុខមាត់ពិត និងតួនាទីលោកផ្កាយ៣ ទះកំផ្លៀងអ្នកចម្រៀងស្រី ២ដៃ បង្អួតមិត្តភក្តិ

ធ្លាយមុខមាត់ពិត និងតួនាទីលោកផ្កាយ៣ ទះកំផ្លៀងអ្នកចម្រៀងស្រី ២ដៃ បង្អួតមិត្តភក្តិ

ភ្នំពេញ ៖ បន្ទាប់ពីមានការសម្របសម្រួលបងសំណងជំងឺចិត្ត ចំនួន៨០០០ដុល្លារ ឲ្យអ្នកចម្រៀងស្រី យិន ស្រីពៅ នៅថ្ងៃនេះផងដែរ ស្រាប់តែបែកធ្លាយរូបថតមុខមាត់ពិតរបស់ជនបង្ក ដែលមានបុណ្យស័ក្តិជាមន្ត្រីយោធាផ្កាយ៣ និងជាមេបញ្ជាការរងកងទ័ពជើងគោក។

នៅក្នុងហ្វេសប៊ុកលោកផែង វណ្ណៈ បានបង្ហោះរូបថតលោកផ្កាយ៣ ទះកំផ្លៀងអ្នកចម្រៀងស្រី ៣ដៃ បង្អួរមិត្តភក្តិ អមជាមួយសំណេរថា “ស្គាល់​មុខផ្កាយ៣​ ទះកំភ្លៀងអ្នកចំរៀង​នៅ​បឹងមាស​ហើយ​ លោកឧត្ដមសេនីយ៍​ផ្កាយ​៣​ ប៉ុល​ ស៊ីនួន​ នាយទាហានជាន់ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ​ ដែលសំបូរទៅដោយរឿងអាស្រូវ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជាជនដៃដល់​ដែលប្រើហិង្សាលើនារី​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន​ បឹងមាស​ កាលពីយប់ថ្ងៃទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​”។

ហ្វេសប៊ុកដដែលនេះ បានបន្តថា “ប្រភពព័ត៌មាន​ក្រៅផ្លូវការ បានអោយដឹងថា​ បន្ទាប់​ពី​បែកធ្លាយព័ត៌មានស្ដីអំពី​អំពើ​ហិង្សា​ដែលលោកផ្កាយ៣​ វាយទៅលើអ្នកចំរៀង​ ព្រោះ​តែនាងបដិសេធមិនទៅបំរើតណ្ហាលោកនោះ​ ស្រាប់តែ​លោកផ្កាយបី ​លួចចូលមកចរចាសម្របសម្រួលគ្នាស្ងាត់ៗ ដើម្បីបញ្ចប់រឿង ដោយ​លោកផ្កាយបី​ សងជម្ងឺចិត្តទៅអោយអ្នកចម្រៀងចំនួនទឹកប្រាក់​៨០០០​ដុល្លារ​ ។ ប៉ុន្តែ​ អ្នកសម្របសម្រួល​ព្យាយាម​លាក់​អត្តសញ្ញាណ​លោកផ្កាយបី​ ។ តែទីបំផុត ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ​ ។ មហាជនរងចាំមើលចំណាត់ការបន្ត​ តើលោកឧត្ដមសេនីយ៍​ផ្កាយ​៣​ ប៉ុល​ ស៊ីនួន​ ត្រូវរួចខ្លួន​ ឬ​ យ៉ាងណា​?”។

គួរបញ្ជាក់ថា តារាចម្រៀងស្រីម្នាក់ នៅភោជនីយដ្ឋានបឹងមាស ដែលត្រូវលោកផ្កាយ៣ម្នាក់ ប្រើហិង្សាទះកំផ្លៀង២ដៃ ខឹងបបួលទៅរួមភេទមិនព្រមនោះ បន្ទាប់ពីនាងកើតទុក្ខមិនសុខចិត្ត បានទៅប្តឹងសមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថរាជធានី ឱ្យជួយរកយុត្តិធម៌ជូននាងមកនោះ នៅពេលនេះត្រូវបានលោកមន្ត្រីយោធា ផ្កាយ៣ ជាជនដៃដល់នោះ សុំធ្វើការសម្របសម្រួល បង់សំណងជំងឺចិត្តឱ្យនាង ចំនួន៨០០០ដុល្លារ ដើម្បីបញ្ចប់រឿង។

គួររំលឹកថា កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានបឹងមាស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានកើតមានអំពើហិង្សាមួយ ដោយបុរសម្នាក់ជាមន្ត្រីយោធាពាក់ផ្កាយ៣ បានទះកំផ្លៀងអ្នកចម្រៀងស្រីម្នាក់ ដោយសារខឹងនាងមិនព្រមទៅដេកជាមួយ។

ស្ត្រីរងគ្រោះដែលត្រូវឧត្តមសេនីយ៍យោធា ពាក់ផ្កាយ៣ទះកំផ្លៀង ព្រោះតែខឹងបបួលទៅរួមភេទមិនបាន មានឈ្មោះយិន ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋាន បឹងមាសរយៈពេលជិត១ឆ្នាំមកហើយ សព្វថ្ងៃ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ចំណែកជនដៃដល់ ជាឧត្តមសេនីយ៍យោធា ពាក់ផ្កាយ៣ បើករថយន្តទំនើប១គ្រឿង ម៉ាកម៉ាស្តារ ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02-2-1215។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញជនបង្កហេតុខាងលើ រួមនឹងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្តទំនើប២-៣គ្រឿង ចូលមកផឹកស៊ី នៅក្នុងភោជនីយដ្ឋានបឹងមាស ដោយជនបង្កហេតុ ដែលអួតខ្លួនថា ជាមន្ត្រីយោធាពាក់ផ្កាយ៣នោះ បានបើករថយន្តម៉ាស្តារ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 02-2-1215 បាននាំគ្នាចូលមកផឹកស៊ីយ៉ាងសប្បាយ។ រហូតមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែបុរសដែលអួតខ្លួនថា ជាឧត្តមសេនីយ៍យោធាពាក់ផ្កាយ៣នោះ បានហៅអ្នកចម្រៀងចំនួន៤នាក់ ក្នុងនោះ មានស្ត្រីរងគ្រោះម្នាក់ផង ដែលកំពុងច្រៀងនៅលើឆាក ឱ្យចុះមករាំកំដរខ្លួននៅខាងក្រោម ស្រាប់តែកំពុងតែរាំ ជនដៃដល់នោះ បានមកនិយាយជាមួយស្ត្រីរងគ្រោះថា នៅផឹកស៊ីកំដររូបគេទៅ គេនឹងឱ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយដែរ ស្រាប់តែជនដៃដល់នោះ បានលួងលោម និងបបួលស្ត្រីរងគ្រោះទៅរួមភេទ តែត្រូវនាងឆ្លើយវិញថា រូបនាងលក់តែសំទ្បេងទេ មិនលក់ខ្លួនទេ ធ្វើឱ្យជនដៃដល់មានការខឹងសម្បា បានទះទៅលើរូបនាង ចំនួន២កំភ្លៀង បន្ទាប់មក ក៏ប្រញាប់បើករថយន្តចេញពីកន្លែងកើតហេតុ តែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួនផងដែរ។

តាមសម្តីស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានចូលបំពេញការងារជាអ្នកចម្រៀង នៅក្នុងហាងបឹងមាស ដូចសព្វដង លុះក្រោយមក ក៏ឃើញជនបង្កហេតុខាងលើ ដែលអួតខ្លួនថាជាមន្ត្រីយោធា ពាក់ផ្កាយ៣ បានចូលមកផឹកស៊ីជាមួយមិត្តភក្តិជាច្រើននាក់ទៀត។ បន្ទាប់មក មន្ត្រីយោធារូបនោះ បានហៅនាងឱ្យទៅអង្គុយកំដរ លុះក្រោយពីនាងមកអង្គុយកំដរផឹក ស្រាប់តែបុរសរូបនោះ បានបបួលនាងទៅដេកជាមួយ តែទោះជាគេហ៊ានឱ្យតម្លៃខ្លួននាងខ្ពស់ តែយ៉ាងណា ក៏នាងនៅតែមិនព្រម ដោយប្រាប់ថា នាងជាអ្នកចម្រៀងលក់តែសំឡេង មិនលក់ខ្លួនទេ ស្រាប់តែលោកយោធាផ្កាយ៣រូបនោះ ខឹងច្រឡោត រហូតដល់ប្រើហិង្សាទះកំផ្លៀងនាងតែម្តង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅពេលដែលលោកផ្កាយ៣វ៉ៃនាងនោះ គឺគ្មានអ្នកណាម្នាក់ ហ៊ានចូលមកជួយ ឬឃាត់ទេ ហើយលោកផ្កាយ៣ បានវ៉ៃនាង នៅចំពោះមុខមិត្តភក្តិរបស់គេតែម្តង។ លុះពេលវ៉ៃនាងរួចហើយ លោកផ្កាយ៣នោះ ក៏ដើរចេញក្រៅ បើកឡានចេញទៅបាត់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា និងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួនជនដៃដល់ នាំយកមកដោះស្រាយគ្នាតាមនីតិវិធី៕

RELATED ARTICLES