Saturday, July 26, 2025
Homeព័ត៌មានជាតិចុះឃាត់មង្គលការភ្លាមៗ កូនកំលោះក្រមុំដូរខោអាវ នាំគ្នាមកប៉ុស្តិ៍ប៉ូលិស

ចុះឃាត់មង្គលការភ្លាមៗ កូនកំលោះក្រមុំដូរខោអាវ នាំគ្នាមកប៉ុស្តិ៍ប៉ូលិស

ខេត្តព្រះវិហារ ៖ បុរសជនជាតិចិនម្នាក់ បានលួចលាក់រៀបការជាមួយនឹងនារីខ្មែរ ដោយមិនស្របច្បាប់ (គ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន) លុះរឿងរ៉ាវបែកធ្លាយដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅធ្វើការទប់ស្កាត់ហាមឃាត់ឱ្យផ្អាកមង្គលការ និងបាននាំខ្លួនសាមីខ្លួនកូនកំលោះក្រមុំមកធ្វើការសាកសួរ។

ករណីប្រុសចិន លួចរៀបការជាមួយនារីខ្មែរ និងត្រូវបានសមត្ថកិច្ចចុះផ្អាកនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកន្ទត្ទួ ឃុំកន្ទួត ស្រុកជាំក្សាន្ត។

កូនកំលោះជាជនជាតិចិន មានឈ្មោះ ZENG YOUXI ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកនារីជនជាតិខ្មែរ ជាកូនក្រមូំ មានឈ្មោះហ៊ិន លីណា អាយុ២៦ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានបុរសចិនម្នាក់ និងនារីជនជាតិខ្មែរម្នាក់ បានរៀបចំពិធីមង្គលការនៅក្នុងភូមិឃុំកើតហេតុខាងលើ ពោលគឺលួចរៀបការដោយមិនមានលិខិតអនុញ្ញាតពីអាជ្ញារមូលដ្ឋាននោះឡើយ។ បន្ទាប់មក អាជ្ញាធរក៏បានរាយការណ៍ទៅខាងកម្លាំងនគរបាលជំនាញ ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីករណីមង្គលការរវាងកូនកំលោះចិន និងកូនក្រមុំខ្មែររួចមក កម្លាំងនគរបាលជំនាញអន្តោ ប្រវេសន៍ ខេត្ត ស្រុក និងនគរបាលប៉ុស្តិ៍ បានសហការជាមួយលោកមេឃុំកន្ទួត ចុះត្រួតពិនិត្យ និងសាកសួរ រួចកោះហៅសាមីខ្លួនទាំងពីរនាក់ រួមនឹងអាណាព្យាបាលផង មកប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ។

ក្រោយពីសាកសួរដឹងរឿងរ៉ាវរួចហើយ សមត្ថកិច្ចជំនាញ បានសម្រេចបញ្ឈប់ពិធីមង្គលការមួយនេះជាបន្ទាន់ និងតម្រូវឱ្យសាមីខ្លួន អ្នកទាំងពីរត្រូវបំពេញបែបបទតាមច្បាប់គ្រប់គ្រាន់ជាមុនសិន ទើបអាចរៀបការបាន៕

RELATED ARTICLES