Saturday, July 26, 2025
Homeព័ត៌មានជាតិចុងក្រោយ ក្រុមគ្រួសារសុំចែកផ្លូវជាមួយកូនប្រុសរូបនេះ

ចុងក្រោយ ក្រុមគ្រួសារសុំចែកផ្លូវជាមួយកូនប្រុសរូបនេះ

ភ្នំពេញ ៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយ ដោយបុរសម្នាក់បានគំរាមរកវាយឪពុកម្តាយ ទើបប្អូនប្រុសឃើញ ក៏ចូលទៅឃាត់ ស្រាប់តែជនបង្កជាបងប្រុសខឹង ក៏ទាញកាំបិតដេញកាប់មិនបាន ទើបទាញចានគប់ចំក្បាល បណ្តាលឱ្យរយះក្បាលហូរឈាម ស្រោចខ្លួន និងត្រូវក្រុមគ្រួសារទ្រាំលែងបាន ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែង បុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនបង្កហេតុ មានឈ្មោះញឹប សុផាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ កំលោះចាស់ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ធ្លាប់ចាប់ខ្លួន អប់រំនៅមណ្ឌលបន្សាបគ្រឿងញៀន វិលមកវិញញៀនថ្នាំដដែល ស្នាក់នៅជុំគ្រួសារ ក្នុងផ្ទះកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាប្អូនប្រុសបង្កើត ដែលត្រូវជនដៃដល់គប់១ចានរយះក្បាល មានឈ្មោះញឹប វិបុល អាយុ២៤ឆ្នាំ មុខរបរ ជាងធ្វើសោ មានលំនៅផ្ទះកើតហេតុ ជុំគ្នាជាមួយក្រុមគ្រួសារ។

តាមប្រភពពីក្រុមគ្រួសារខាងលើ បានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ ជនសង្ស័យ មិនដឹងជាទើបនឹងត្រឡប់មកពីជក់ថ្នាំញៀនជាមួយអ្នកណា នៅឯណា ស្រាប់តែស្រែកឡូឡាអុកឡុកក្នុងគ្រួសារ គំរាមរកវាយឪពុកម្តាយ ទើបជនរងគ្រោះជាប្អូនប្រុស ឃើញបែបនេះ ក៏ចូលទៅឃាត់ ស្រាប់តែត្រូវបានជនសង្ស័យប្រដាប់ដោយកាំបិតដេញកាប់ តែត្រូវជនរងគ្រោះរត់គេចខ្លួនទាន់ ទើបជនសង្ស័យខឹង ក៏ស្ទុះទៅ ទាញចានគប់សំដៅប្អូនប្រុស បណ្តាលឱ្យចំក្បាលរយះហូរឈាមស្រោចខ្លួន ទើបក្រុមគ្រួសារនាំគ្នាចាប់ឃាត់ជនសង្ស័យចងជាប់នាំខ្លួនយកទៅប៉ុស្តិ៍តែម្តង។

តាមសម្តីជនរងគ្រោះត្រូវជាប្អូនបង្កើត ក៏ដូចជាឪពុកម្តាយ ក្រោយកើតហេតុលើកនេះ ក្រុមគ្រួសារសម្រេច  ប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់ និងប្តឹងកាត់កាលជនបង្កជាកូនផង ដោយសារការប្រព្រឹត្តមិនរាងចាល។

ផ្អែកតាមបណ្តឹងក្រុមគ្រួសារ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES