Saturday, July 26, 2025
Homeព័ត៌មានជាតិបាញ់ប្រពន្ធស្លាប់ កូនស្រីរបួសដៃឆ្វេង ចុងក្រោយ ព្រះមិនជួយទេ

បាញ់ប្រពន្ធស្លាប់ កូនស្រីរបួសដៃឆ្វេង ចុងក្រោយ ព្រះមិនជួយទេ

ខេត្តព្រះវិហារ ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ដែលបានធ្វើសកម្មភាពបាញ់កូនស្រីខ្លួនឯង បណ្តាលឱ្យធ្លាយកំភួនដៃ និងធ្វើឱ្យក្បាល គ្រាប់រត់ទៅត្រូវចំប្រពន្ធដែលអង្គុយពីក្រោយកូនស្រី បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិកក់ពោន ឃុំរក្សា ស្រុករវៀង រួចព្យាយាមរត់គេចខ្លួនបាត់ស្រមោល នោះ ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន កាលពី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ជនសង្ស័យជាឃាតករ មានឈ្មោះស្រី ដោន អាយុ៣៧ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះតោត ស្រីប៊ុនធឿន អាយុ៣៧ឆ្នាំ មុខរបរកសិករ (ស្លាប់)។ ដោយឡែក កូនស្រីដែលទទួលរងរបួសធ្ងន់ មានឈ្មោះ ដោន ដឿន អាយុ១៧ឆ្នាំ (រងរបួសកំភួនដៃខាងឆ្វេង)។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោមកិច្ចសហការជាមួយកម្លាំងនគរបាល អធិការ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

បច្ចុប្បន្ន ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមច្បាប់។

គួររំលឹកថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ដោយបុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងកូនស្រី រហូតដល់ផ្ទុះកំហឹងខ្លាំង ទប់មិនជាប់ ក៏ទាញកាំភ្លើងច្នៃបាញ់សំដៅកូនស្រី បណ្តាលឱ្យធ្លាយកំភួនដៃ និងធ្វើឱ្យក្បាលគ្រាប់ រត់ទៅត្រូវចំប្រពន្ធដែលអង្គុយពីក្រោយកូនស្រី បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ជនដៃដល់ជាឃាតករដែលបាញ់ប្រហាកូនស្រីធ្លាយដៃ ចំណែកប្រពន្ធស្លាប់ បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ចេញពីកន្លែងកើតហេតុ។ យ៉ាងណាក្តី ដោយសារតែឈាមស្រែកស្បែកហៅ ទីបំផុត សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករបាញ់សម្លាប់ប្រពន្ធបាន និងបាននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES