ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្មេងប្រុសម្នាក់ ឃើញគេចុះហែលឆ្លងទឹករណ្តៅដីលេង ក៏ចុះទៅហែលលេងតាមគេដែរ ស្រាប់តែអកុសល លិចបាត់ខ្លួន ក្នុងទឹក និងត្រូវបានក្រុមគ្រួសារជួលអ្នកមុជទឹករាវរកអស់រយៈពេលជាច្រើនម៉ោងទម្រាំឃើញសាកសព ក៏ស្រង់ឡើងមកលើគោក ធ្វើឱ្យស្ត្រីជា ម្តាយឃើញកូនប្រុសស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ក៏យំរហូតដល់ទន់ខ្លួនដួលសន្លប់ នៅចំណុចរណ្តៅដីដ៏ ជ្រៅមួយកន្លែង ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ រហូតមកដល់វេលាម៉ោង២និង២០នាទីរសៀលថ្ងៃដដែល ទើបរកឃើញសាកសពក្មេងប្រុសរងគ្រោះ។

ក្មេងប្រុសរងគ្រោះមានឈ្មោះហ៊ាន រ៉ូហ្សា អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សព្វថ្ងៃស្នាក់នៅម្តុំពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសាច់ញាតិក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្មេងប្រុសរងគ្រោះបានលេងបាល់ជាមួយបងប្អូននិងអ្នកភូមិ ពេលនោះក៏មានក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ទៅងូតទឹករណ្តៅដី ដែលជាទីតាំងកើតហេតុ ស្រាប់តែក្មេងប្រុសរងគ្រោះបានរត់ទៅតាមក្រោយដែរ។ លុះពេលទៅដល់រណ្តៅដី ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់នោះ បានចុះហែលទឹកពីត្រើយខាងលិចទៅកាន់ត្រើយ ខាងកើត ហើយបានស្រែកប្រាប់ទៅក្មេងប្រុសរងគ្រោះ កុំឱ្យចុះងូតទឹកអី ប្រយ័ត្នលង់ស្លាប់។ បន្ទាប់មកខណៈដែលក្មងប្រុសអាយុ១៥ឆ្នាំនោះ កំពុងហែលទឹកមិនបានមើល ស្រាប់តែបាត់មិនឃើញក្មេងប្រុសរងគ្រោះឡើយ ឃើញតែខោខ្លីនៅមាត់ទឹករណ្តៅដីនោះប៉ុណ្ណោះ។ ទើបសង្ស័យថា ក្មេងប្រុសរងគ្រោះលង់ទឹកធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយនាំគ្នារាវរក ដោយខ្លះបង់សំណាញ់ និងខ្លះទៀតអូសអួន ប៉ុន្តែរកមិនឃើញ ឡើយ។

ប្រភពខាងលើ បញ្ជាក់ថា ដោយសារតែអ្នកភូមិរាវរកមិនឃើញ ទើបក្រុមគ្រួសារបានសម្រេចជួលអ្នកជំនាញមុជទឹកពីផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ ឱ្យចុះរាវរកសាកសព រហូតដល់វេលាម៉ោង២ និង២០នាទីរសៀលថ្ងៃដដែល ទើបប្រទះឃើញសាកសព និងបានស្រង់ឡើងមកលើគោកប្រគល់ជូនក្រុមគ្រួសារសព។ ពេលនោះស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានមកដល់ ប្រទះឃើញសពកូនប្រុស ក៏ស្រែកទ្រហោំសោកបោកខ្លួន រហូតដល់ទន់ជង្គង់ដួលសន្លប់នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងឪពុកម្តាយ បងប្អូននៃសព បានធ្វើការពិនិត្យសពក្មេងប្រុសរងគ្រោះ ឃើញថាគ្មានស្លាកស្នាមអ្វីទេ។ តាមការសន្និដ្ឋានរបស់ជំនាញ និងលោកគ្រូពេទ្យ ក្មេងប្រុសងគ្រោះស្លាប់ដោយសារលង់ទឹក។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕