ភ្នំពេញ ៖ អតីតកីឡាករប្រដាល់ជើងចាស់ល្បីឈ្មោះ ឡោ សំណាង បានបើករថយន្ត១គ្រឿងបត់ដោយមិនបានស៊ីញូ ក៏ត្រូវក្មេងស្ទាវ ១ក្រុម ជិះម៉ូតូមកបុកពីក្រោយរងការខូចខាតតិចតួច បន្ទាប់មកភាគីក្រុមក្មេងស្ទាវបានទាមទារឱ្យសុំទោសបងធំរបស់ពួកគេ ទើបឱ្យរួចខ្លួន តែត្រូវកីឡាករ ឡោ សំណាង បដិសេធ ទើបធ្វើឱ្យកើតមានជាអំពើហិង្សា ដោយត្រូវក្រុមក្មេងទំនើងព្រួតវាយ តែត្រូវអតីតកីឡាប្រដាល់រូបនេះតដៃការពារខ្លួន បណ្តាលឱ្យភាគីក្រុមក្មេងស្ទាវខ្លះប៉ោងមុខ ខ្លះបែកមាត់ ខ្លះរហែកអាវ ចំណែកកីឡាកប្រដាល់ឡោ សំណាង រងរបួសបាក់ម្រាមដៃ រយះដៃ និងរហែកអាវផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាខាងលេិនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៣ ខែមីនា នៅចំណុចទល់មុខផ្សារទំនើបអ៊ីអនម៉លទី១ តាមបេណ្តាយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ភាគីម្ចាស់រថយន្តជាអតីតអ្នកប្រដាល់ជើងចាស់ល្បីឈ្មោះឡោ សំណាង អាយុ៣៧ឆ្នាំ អតីតជាអ្នកប្រដាល់ បច្ចុប្បន្នរត់តាក់ស៊ីពីភ្នំពេញ ទៅប៉ោយប៉ែត សព្វថ្ងៃស្នាក់នៅផ្ទះលេខ៧ ក្រុម៤៣ ភូមិ៨ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ក្បែរកន្លែងកើតហេតុ) បើកបររថយន្ត១គ្រឿង ម៉ាកស៊ីណា ពណ៌ស អត់មានស្លាកលេខ (រថយន្តទើបនឹងទិញបង់រំលស់) រងបួសដៃរយះខាងឆ្វេង និងបាក់ម្រាមកូនដៃខាងស្តាំ។ ចំណែកក្រុមក្មេងស្ទាវជាជនបង្ក មានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ក្នុងនោះរួមមាន ទី១-ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GL-2601 បើកបរដោយ ជនបង្កម្នាក់ ទី២-ម៉ាកស៊ុយសុគីលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CT-7479 បើកបរនឹងរួមដំណើរដោយជនបង្ក២នាក់។ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកធូដេ ជិះគ្នា២នាក់។

អតីតកីឡាករប្រដាល់ ឡោ សំណាង បានបន្តថា ភ្លាមៗនោះ បក្សពួកក្រុមក្មេងទំនើងផ្សេងទៀត បានមកកាក់រថយន្តគាត់ឱ្យឈប់ ហើយគាត់ក៏មិនបានរត់ទៅណាដែរ គឺនៅទទួលខុសត្រូវគ្រប់យ៉ាង ដំបូងគាត់គិតថា ឱ្យយុវជននោះសងដែរ តែគាត់ក៏មានចំណែកខុសក៏ព្រមស្មើគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនព្រម ដោយទាមទារឱ្យគាត់សុំទោសបងធំពួកគេដែលជិះម៉ូតូប៉ះរថយន្តគាត់ ទើបព្រមឱ្យរួចគ្នា តែគាត់មិនព្រម ទើបមានការឈ្លោះប្រកែកគ្នាពេញផ្លូវ ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះខឹងបាននាំគ្នាព្រួតវាយគាត់ ដោយមានអ្នកខ្លះរើសដុំថ្មគប់គាត់ អ្នកខ្លះវាយគាត់នឹងមួកការពារ អ្នកខ្លះវាយនឹងដៃប្រតាយប្រតប់គ្នាពេញផ្លូវ ទើបគាត់បានវ៉ៃការពារខ្លួនវិញទៅ ទើបធ្វើឱ្យក្មេងទំនើងខ្លះប៉ោងមុខ បែកមាត់ រហែកអាវ ចំណែកគាត់ក៏រងរបួសរយះដៃ និងបាក់ម្រាមកូនដៃខាងស្តាំ ព្រមទាំងរហែកអាវអស់ដែរ។

អតីតកីឡាករប្រដាល់រូបនេះ បានឱ្យដឹងទៀតថា បន្ទាប់ពីព្រួតវ៉ៃគាត់រួចហើយ ក្មេងទំនើងទាំងនោះបម្រុងឡើងម៉ូតូជិះរត់គេច តែគាត់បានព្យាយាមដកសោម៉ូតូជនបង្កទុក ភ្លាមៗក៏មានអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបានជនបង្កចំនួន៤នាក់ និងម៉ូតូ២គ្រឿងយកមកដោះស្រាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រុមជនបង្កត្រូវបានឃាត់ខ្លួនចំនួន៤នាក់ រួមមានទី១-ឈ្មោះគឹម សម្បត្តិ អាយុ២៥ឆ្នាំ មុខរបរចុងភៅ នៅណាហ្គាវើល ស្នាក់នៅផ្ទះលេខផ្លូវ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ទី២-ឈ្មោះឆង ប៊ុនថន អាយុ២២ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះលេខ៦៤ ផ្លូវ៣៧១ ក្រុម១៨ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ ទី៣-ឈ្មោះឈឹម ដារ៉ូ អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះលេខ៣៦១ ផ្លូវ៣៧១ ភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងទី៤-ឈ្មោះសេង សុខនុរក្ស អាយុ២៣ឆ្នាំ មុខរបរស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ។

ក្រោយពីឃាត់ខ្លួនមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ក៏ធ្វើការពិនិត្យជាតិស្រវឹងឃើញថា ក្រុមក្មេងទំនើងទាំង៤នោះ សុទ្ធតែមានជាតិស្រវឹងក្នុងខ្លួនគ្រប់គ្នា។ ក្រោយកើតហេតុជនរងគ្រោះអតីតកីឡាករប្រដាល់គុនខ្មែរជើងចាស់ ឡោ សំណាង បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ក្រុមក្មេងស្ទាវទាំង៤នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសុំណុំរឿង បញ្ជូនទៅកាន់អធិការដ្ធានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕
