ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នឈ្មោះលោកតាល់ បានបើកល្បែងស៊ីសង ទ្រង់ទ្រាយធំ ដែលមានប្រភេទបៀ អាប៉ោង និងល្បែងជាច្រើនមុខទៀត នៅចំណុចវាលស្រែ១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង បានយ៉ាងរលូន និងពុំមានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានណា ហ៊ានចាត់វិធានការបង្ក្រាបវង់ល្បែងស៊ីសងដ៏ធំមួយនោះឡើយ សង្ស័យថា អធិការក្រុងបាត់ដំបង ក៏ដូចជាអភិបាលក្រុងបាត់ដំបង ទទួលផលប្រយោជន៍ពីលោកតាល់ ជាប្រចាំ ទើបបណ្តោយឱ្យលោកតាល់ បើកល្បែងស៊ីសងយ៉ាងរលូន មិនខ្វល់ពីផលប៉ះពាល់ដល់សន្តិសុខសង្គមនោះ។
ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ បានអះអាងថា វង់ល្បែងស៊ីសងរបស់លោកតាល់ អាចប្រមូលលុយបានរាប់សិបលានរៀល ក្នុងមួយថ្ងៃៗ ព្រោះជាល្បែងភ្នាល់ទ្រង់ទ្រាយធំ ហើយមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេង និងមានល្បែងច្រើនមុខ សម្រាប់បម្រើសេវាកម្មដល់ភ្ញៀវ (ក្រុមអ្នកញៀនល្បែង ឬខ្មោចល្បែង) ដូចជា បៀ អាប៉ោង និងល្បែងផ្សេងៗទៀត។

ប្រជាពលរដ្ឋបានកត់សម្គាល់ឃើញថា ចាប់តាំងពីលោកតាល់ បើកល្បែងស៊ីសងនៅចំណុចវាលស្រែ១០០ សង្កាត់អូរចារ កណ្តាលក្រុងបាត់ដំបងមក គឺបទល្មើសផ្សេងៗកើតឡើង គួរឱ្យភ័យខ្លាច ដូចជា អំពើចោរកម្ម លួចប្លន់ ចោរគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយបទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន ក៏រាលដាលកាន់តែខ្លាំងជាងមុនផងដែរ។
ប្រជាពលរដ្ឋ បញ្ជាក់ថា ទំនងមេវង់ល្បែងឈ្មោះលោកតាល់ មានខ្នងបង្អែករឹងមាំ ជាមន្ត្រីធំៗក្នុងខេត្តបាត់ដំបង ទើបអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ហើយប្រមូលលុយពីអ្នកញៀនល្បែងក្នុងមួយថ្ងៃៗ រាប់សិបលានរៀលបែបនេះ។

ប្រភពដដែលបញ្ជាក់ឱ្យដឹងទៀតថា លោកតាល់ បានបើកល្បែងស៊ីសងទ្រង់ទ្រាយធំ នៅចំណុចវាលស្រែ១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាយូរមកហើយ មិនដែលមានមន្ត្រីអាជ្ញាធរក្រុងបាត់ដំបង ចាត់វិធានការទប់ស្កាត់នោះទេ។ បើនិយាយពីអធិការនគរបាល ក្រុងបាត់ដំបង គឺស្ងាត់ឈឹង ខណៈដែលស្នងការនគរបាលខេត្តបាត់ដំបង ក៏មិនទាន់ឃើញបើកប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសងរបស់លោកតាល់ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ មិនដឹងជាលោកទាំងពីរមិនទាន់ដឹងមិនដឹង ឬក៏ធ្វើមិនដឹងនោះទេ។
យ៉ាងណា បញ្ហានេះកំពុងធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះចាប់តាំងពីលោកតាល់ បើកល្បែងស៊ីសងនៅចំណុច វាលស្រែ១០០មក ឃើញថា បទល្មើសគ្រប់ប្រភេទ កើតមានជាបន្តបន្ទាប់ រីឯអំពើហិង្សាក្នុងគ្រួសារ ក៏មានការកើនឡើងគួរឱ្យភ័យខ្លាចផងដែរ។

ប្រជាពលរដ្ឋបានអំពាវនាវឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមនិងលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន មេត្តាចាត់ចាត់វិធានការបង្ក្រាបល្បែងស៊ីសង របស់លោកតាល់ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ជាបន្ទាន់ផង ដើម្បីឱ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល និងរក្សាសុខសន្តិភាព ទាំងផ្លូវចិត្តផ្លូវ កាយ ដល់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕