ខេត្តត្បូងឃ្មុំ ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ទាំងកំរោល តែមិនបានសម្រេច ដោយសារតែក្មេងស្រីរងគ្រោះប្រឹងរើបម្រះស្រែកហៅគេជួយ រហូតដល់ផ្អើលដល់ស្ត្រីជាម្តាយតាមមកទាន់ ធ្វើឱ្យជនសង្ស័យភ័យឆោឡោ លើកខោរត់គេចខ្លួន បាន១យប់ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវរំលោភក្មេងស្រី តែមិនបានសម្រេច ដោយសារម្តាយក្មេងស្រីរងគ្រោះតាមទាន់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចភូមិដើមជ្រៃ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។ លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យបាន។
ក្មេងស្ទាវល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះយ៉េ ស៊ីថា អាយុ១៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ លន់ លាងហ៊ុយ អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះទាំងកំរោល តែមិនបានសម្រេចនោះទេ ដោយសារតែក្មេងស្រីរងគ្រោះ បានស្រែកឆោឡោ ធ្វើឱ្យផ្អើលដល់ម្តាយរត់មកជួយទាន់ពេល និងធ្វើឱ្យជនសង្ស័យភ័យ លើកខោរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ និងមិនហ៊ានត្រឡប់ចូលផ្ទះវិញនោះទេ ដោយសម្ងំលាក់ខ្លួនពេញ១យប់ រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ទើបកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រូចឆ្មារ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះប្រតិបត្តិការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី”