ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ បានចាប់ដៃបុរសម្នាក់ជាប្តី រួមរស់នឹងគ្នាអស់រយៈពេល២ឆ្នាំ ក៏កើតមានរឿងរកាំរកូស រហូតបុរសជាប្តីបានបែកគំនិតលួចលាក់មានស្រីថ្មី លុះស្ត្រីជាប្រពន្ធតាមទាន់ ក៏កើតមានជម្លោះបែកផ្សែង រហូតដល់មានការបែងចែកទ្រព្យសម្បត្តិគ្នា ដោយភាគីស្ត្រីជាប្រពន្ធបានសម្រេចចិត្តដាក់ទានប្តីទៅឱ្យស្រីថ្មី ជាថ្នូរនឹងការសុំយកធុងទឹកកក ចំនួន៣ ដើម្បីទុកជាដើមទុនរកស៊ីចិញ្ចឹមកូនបន្តទៀត តែបុរសជាប្តីមិនព្រម ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍។
ហេតុការណ៍ជម្លោះបែកបាក់ចំណងស្នេហ៍រវាងប្តីប្រពន្ធ រហូតឈានដល់បែងចែកទ្រព្យសម្បត្តិគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងមុខរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ភាគីស្ត្រីជាប្រពន្ធដែលអះអាងថា សុខចិត្តដាក់ទានប្តីឱ្យស្រីថ្មី ដោយគ្រាន់តែសុំយកធុងទឹកកក៣ ទុកធ្វើដើមទុនរកស៊ីនេះ មានឈ្មោះភឹម ស៊ីហ៊ាង អាយុ៤០ឆ្នាំ មុខរបរចុងភៅរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកភាគីបុរសជាប្តី មានឈ្មោះសឿន សាន អាយុ៤២ឆ្នាំ មុខរបលក់ដូរមុខរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានលំនៅក្នុងភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា គាត់ជាស្ត្រីមេម៉ាយកូន២នាក់ (ប្រុស ១ ស្រី១) ហើយគាត់បានទទួលយកបុរសជាប្តី ឈ្មោះសឿន សាន រួមរស់ជាប្តីប្រពន្ធនឹងគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយបង្កើតបានកូន១ តែបានស្លាប់ទៅវិញ។ កន្លងមក ពួកគាត់រួមរស់ជាមួយគ្នា ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ តែបានរៀបការទទួលដឹងឮពីមេបាចាស់ទុំសងខាងត្រឹមត្រូវ។

ស្ត្រីជាប្រពន្ធ បន្តថា ក្រោយពីរស់នៅជាប្តីប្រពន្ធនឹងគ្នាអស់រយៈពេលជាង២ឆ្នាំរួចមក រហូតមកដល់ដើមឆ្នាំ២០១៩នេះ ជីវិតស្នេហា ពួកគាត់ ក៏ឈានទៅរកភាពរង្គោះរង្គើ បែកបាក់ស្នេហា ដោយសារការរស់នៅមិនចុះសម្រុងគ្នា ហើយក៏ធ្លាប់មានការប្តឹងផ្តល់គ្នា ទៅដល់អាជ្ញាធរសង្កាត់ចោមចៅ៣ ម្តងរួចមកហើយ។ រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោយពីលេចឮថា បុរសជាប្តីដែលលែងលះគ្នាមិនទាន់ដាច់ស្រេចនេះ កំពុងមានស្រីថ្មីម្នាក់ទៀត ដោយបាននាំយកស្រីនោះមកនៅជាមួយ៥ថ្ងៃមកហើយ ទើបគាត់ជាប្រពន្ធ បានទៅយកសម្ភារសេសសល់ និងធុងទឹកកកចំនួន៣ ដែលប្តីដាក់លក់នៅខាងមុខរោងចក្រនោះវិញ ទុកជាការបែងចែកទ្រព្យសម្បត្តិគ្នា ហើយគាត់ក៏សុខចិត្តដាក់ទានប្តីនេះឱ្យស្រីថ្មីដែរ តែបុរសជាប្តីមិនព្រម ក៏ចេញមកឡូឡារារាំងមិនអនុញ្ញាតឱ្យគាត់យកធុងទឹកកកនោះ ទើបធ្វើឱ្យកើតមានជម្លោះបែកផ្សែងទាំងព្រឹកតែម្តង។

ចំណែកបុរសជាប្តីវិញ គ្រាដែលកំពុងដំទ្បើងសរសៃកដាក់គ្នា បានលើកឡើងថា លុយកាក់របស់របរចែកគ្នារួចហើយ ចុះហេតុអ្វីមកយកធុងទឹកកក៣នេះទៀត? តែទោះជាយ៉ាងណាក្តី ខាងស្រីបានលើកឡើងដែរថា ធុងទាំង៣នេះ ជាលុយរបស់គាត់ ទើបគាត់ត្រូវតែមកយកទៅវិញ ដើម្បីទុកជាដើមទុនរកស៊ីតទៅមុខទៀត។

យ៉ាងណាក្តី ដោយសារតែភាគីប្តីប្រពន្ធខាងលើ កាន់តែកើនកម្តៅជម្លោះខ្លាំងឡើង ដោយមិនព្រមចុះចាញ់រៀងខ្លួន ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅប្រមូលលើកធុងទាំង៣ មកសាលាសង្កាត់ ដើម្បីឱ្យភាគីទាំងពីរមកធ្វើការសម្របសម្រួល។ ទីបំផុត ទើបភាគីខាងប្តីយល់ព្រម ប្រគល់ធុងទឹកកទាំង៣នោះ ឱ្យទៅខាងប្រពន្ធជាថ្នូរនឹងនាំយកស្រីថ្មីមកជំនួស។

ចុងក្រោយ ជីវិតស្នេហាប្តីប្រពន្ធខាងលើនេះ បានបញ្ចប់ត្រឹមធុងទឹកកក៣ បានទៅខាងស្ត្រីជាប្រពន្ធ។ ចំណែកបុរសជាប្តីសុខចិត្តទៅរួមរស់នឹងស្រីថ្មី រួចក៏ព្រមដើរចេញរៀងៗខ្លួនអស់ទៅ៕
