ភ្នំពេញ ៖ បុរស២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាក Roll Royce របស់លោកឧកញ៉ាឌួង ឆាយ ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយ ចំណែកអ្នកបើកម៉ូតូ និងអ្នករួមដំណើរ រងរបួសបែកមាត់បាក់ធ្មេញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅតាម បណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណ២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-1094 ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះរោត្តម លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកចំរថយន្តស៊េរីទំនើបម៉ាក Roll Royce ពណ៌ស ដែលបើកបរដោយលោកឧកញ៉ា ឌួង ឆាយ បំណងឆ្លងផ្លូវព្រះនរោត្តម បណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង ត្រង់កង់ក្រោយ។ ចំណែកឯអ្នកបើកម៉ូតូ និងអ្នករួមដំណើរ រងរបួសបែកមុខបែកមាត់បាក់ធ្មេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបាននាំបុរសស្រវឹងទាំង២នាក់ ទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ។ ចំណែកលោកឧកញ៉ាឌួង ឆាយ បានបើករថយន្តចាកចេញពីកន្លែងកើតហេតុ ដោយបានប្រាប់ថា ទុកឱ្យមន្ត្រីជំនាញធ្វើការដោះស្រាយ ចំពោះរឿងមួយនេះ។

បន្ទាប់មក នៅយប់ថ្ងៃដដែលនោះ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “អ្នកបុក ឡានខ្ញុំ គេអត់ខ្វល់ ស្រវឹងដេកលង់លក់ស្រួលបាត់ហើយនៅអធិការខណ្ឌ នៅឡើយតែខ្ញុំអង្គុយមើលស្តាយឡាននៅកណ្តាលរាត្រីម្នាក់ឯង។ ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងឈឺចាប់បំផុត ពេលដែលគេបុកឡានខ្ញុំហើយ មិនដឹងកំហុសខ្លួនឯង ខ្ញុំនឹងមិនលើកលែងទោសឱ្យមនុស្សដែលមិនស្គាល់ពីកំហុសរបស់ខ្លួនឯង និងមនុស្សត្រូវចាប់ផ្តើមរៀនទទួលលទ្ធផលនៃកំហុសរបស់ខ្លួនឯង ជាពិសេស ម៉ូតូបើកបរមិនគោរពច្បាប់ចរាចរណ៍ និងស្មារតីក្រោមជាតិស្រវឹង។ មាសប្រាក់មិនសំខាន់ សំខាន់ឡានខ្ញុំគេឈប់ផលិត និងខ្ញុំមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត…”៕

