ខេត្តព្រៃវែង ៖ បុរសម្នាក់ បានជីករណ្តៅដី១កន្លែង បំណងទុកបូមទឹកយកមកស្តុកទុក សម្រាប់ប្រើប្រាស់ស្រោចស្រពស្រូវប្រាំងរបស់ខ្លួន ស្រាប់តែអកុសល រណ្តៅដីនោះ បានបាក់សង្កត់ពីលើជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិខ្យោកកណ្តាល ឃុំពពឹស ស្រុកស្វាយអន្ទរ។

បុរសរងគ្រោះ ដែលត្រូវដីបាក់សង្កត់ស្លាប់ក្នុងរណ្តៅដី មានឈ្មោះព្រុំ ស៊ា អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅជីករណ្តៅដីមួយកន្លែង នៅចំណុចក្បែរស្រែរបស់ខ្លួន បំណងទុកធ្វើកន្លែងស្តុកទឹក សម្រាប់ប្រើប្រាស់ស្រោចស្រពស្រូវប្រាំង ដោយរណ្តៅនោះ ជីកក្នុងជំរៅ៤ម៉ែត្រ។ លុះពេលកំពុងជីកសុខៗ ស្រាប់តែអកុសល រណ្តៅដីក៏បានបាក់ចុះសង្កត់ពីលើជនរងគ្រោះ បានស្លាប់យ៉ាងអាណោចអធ័ម និងធ្វើឱ្យកើតមានការផ្អើលឆោឡោ ដល់ក្រុមគ្រួសារ និងអ្នកភូមិ ហៅអេស្កាវ៉ាទ័រមកជួយកាយដី ដើម្បីយកសាកសពជនរងគ្រោះចេញមកវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវដីបាក់សង្កត់ស្លាប់ ក្នុងរណ្តៅប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕