ខេត្តតាកែវ ៖ ជនដៃដល់ជាឃាតករចិត្តឃោរឃៅ ដែលបានធ្វើសកម្មភាពមួលកសម្លាប់ស្រីស្នេហ៍ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ ប៉ាអ៊ី ម៉ាក់អ៊ី ស្ថិតក្នុងសង្កាត់រកាក្នុងក្រុងដូនកែវ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿង រហូតឈានដល់ការចាប់ខ្លួនជនជាឃាតករបានហើយ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០១៩ នៅចំណុចភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ ចន្ធលីដា អាយុ៣១ឆ្នាំ ធ្វើការនៅក្រុមហ៊ុនមួយក្នុងខេត្តតាកែវ និងមានលំនៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ចំណែកនារីរងគ្រោះដែលត្រូវឃាតករមួលកសម្លាប់ទាំងអាក្រាតកាយ យ៉ាងឃោរឃៅ មានឈ្មោះឃិន ចន្តា អាយុ២១ឆ្នាំ មុខរបរជានារីបម្រើការងារក្នុងហាងខារ៉ាអូខេ យីហោ ជុំមិត្ត មានស្រុកកំណើតនៅ ភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ថា ក្រោយកើតមានករណីឃាតកម្មខាងលើ លោកបានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវ រហូតតាមចាប់ខ្លួនបាននៅខេត្តកំពង់ស្ពឺ បន្ទាប់ពីគេចខ្លួនចេញពីភ្នំពេញ។

លោកស្នងការ បញ្ជាក់ថា តាមការស៊ើបអង្កេតរបស់កម្លាំងជំនាញ ក្រោយពីប្រព្រឹត្តអំពើឃាតកម្មលើស្រីស្នេហ៍រួចហើយ ជនសង្ស័យជាឃាតករឈ្មោះសុខ ចន្ធលីដា បានព្យាយាមគេចខ្លួនចេញពីទឹកដីខេត្តតាកែវ ទៅសម្ងំលាក់ខ្លួននៅរាជធានីភ្នំពេញ បន្ទាប់មកក៏ចេញពីភ្នំពេញ ទៅកាន់ទឹកដីខេត្តកំពង់ស្ពឺ បំណងលាក់ខ្លួនបន្ត តែត្រូវសមត្ថកិច្ចជំនាញខេត្តតាកែវ ទទួលបានកិច្ចសហការយ៉ាងល្អពីសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រោយការចាប់ និងនាំខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្ត លោកផ្ទាល់បានសួរចម្លើយរហូតដល់ម៉ោង១យប់ គឺពិតជាជាប់សង្ស័យនៃអំពើឃាតកម្មនេះមែន។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា មូលហេតុដែលជនសង្ស័យសម្រេចចិត្តមួលកសម្លាប់នារីរងគ្រោះជាសង្សារ គឺដោយសារតែភ្លើងប្រចណ្ឌ ខឹងពេលកំពុងរួមរ័កជាមួយគ្នា បែរជាខាងស្រីនិយាយទូរស័ព្ទជាមួយនឹងអ្នកផ្សេង ទើបជនសង្ស័យទប់ចិត្តមិនបាន ក៏ធ្វើសកម្មភាពមួលកសម្លាប់តែម្តង។
ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅចាត់ការបន្តតាមនីតិវីធី។

គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចផ្ទះសំណាក់យីហោ ប៉ាអ៊ី ម៉ាក់អ៊ី បន្ទប់លេខ២០៤ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ដោយនារីបម្រើការងារក្នុងហាងខារ៉ាអូខេមួយកន្លែង ត្រូវបានប្រុសស្នេហ៍ល្បួងនាំឡើងផ្ទះសំណាក់ រួមរ័កមេត្រីជាមួយគ្នាអស់ចិត្ត ក៏ស្រាប់តែខាងប្រុសបែកគំនិតធ្វើសកម្មភាពមួលកសម្លាប់ខាងស្រីទាំងស្រាតននលគកនៅលើគ្រែពូក រួចចុះពីផ្ទះសំណាក់ប្រាប់ថា ទៅរកទិញអីហូប រួចក៏បាត់ខ្លួនពេញ១យប់ លែងត្រឡប់មកវិញ លុះពេលបុគ្គលិកផ្ទះសំណាក់ ឡើងទៅពិនិត្យមើល ក៏បានប្រទះឃើញនារីរងគ្រោះដេកស្លាប់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង ទាំងកណ្តាលថ្ងៃត្រង់តែម្តង។

តាមប្រភពពីបុគ្គលិកផ្ទះសំណាក់យីហោ ប៉ាអ៊ី ម៉ាក់អ៊ី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ គេឃើញបុរសម្នាក់បានឌុបនារីរងគ្រោះចូលទៅក្នុងផ្ទះ សំណាក់រកជួលបន្ទប់ដេកបន្ទាប់មក អ្នកទាំងពីរ ក៏បានឡើងទៅដេកនៅក្នុងបន្ទប់លេខ២០៤ បាត់ទៅ។ រហូតមកដល់វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ថ្ងៃដដែលនោះ ក៏ឃើញខាងប្រុសបានចុះពីបន្ទប់មកក្រោម រួចទាញម៉ូតូជិះចេញទៅវិញ ដោយប្រាប់សន្តិសុខថា ទៅរកទិញបបរហូបសិន រួចក៏ជិះម៉ូតូចេញទៅបាត់រហូត មិនឃើញត្រឡប់មកផ្ទះសំណាក់វិញសោះ ពេញ១យប់។ លុះមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយមិនទាន់ឃើញនារីរងគ្រោះចុះមកវិញ ទើបបុគ្គលិកផ្ទះសំណាក់ បានឱ្យអ្នករៀបចំបន្ទប់ ទៅសាកសួរភ្ញៀវនៅបន្ទប់លេខ២០៤ ថាតើចង់ស្នាក់នៅបន្តទៀត ឬចាកចេញទៅវិញ លុះពេលអ្នករៀបបន្ទប់ឡើងទៅដល់ ក៏ប្រទះឃើញនារីរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយនៅលើគ្រែពូក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ រួមជាមួយព្រះរាជអាជ្ញារង គ្រូពេទ្យ និងអាជ្ញាធរភូមិឃុំបានចុះពិនិត្យរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់កំណត់ច្បាស់ថា នារីរងគ្រោះខាងលើស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ។ ប៉ុន្តែមានការសង្ស័យថា នារីរងគ្រោះអាចនឹងត្រូវប្រុសស្នេហ៍សម្លាប់ដោយមួលក។ ទីបំផុត ឈាមស្រែកស្បែកហៅជនដៃដល់ជាឃាតករ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕